យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ការបិទផ្លូវរាប់សិបកន្លែង បានបង្ហាញពីការធ្វើកូដកម្មនៅក្នុងប្រទេសបូលីវី កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ដោយក្រុមអ្នកតវ៉ា ទាមទារឱ្យលោកប្រធានាធិបតី Rodrigo Paz លាលែងពីតំណែង ហើយរដ្ឋាភិបាលបូលីវី កំពុងអំពាវនាវឱ្យមានការសន្ទនា។ រដ្ឋាភិបាលបាននិយាយថា មានចំណុចបិទផ្លូវចំនួន៣៨កន្លែងនៅទូទាំងប្រទេសនៅពេលពាក់កណ្តាលថ្ងៃត្រង់។

សហជីពធំរបស់ប្រទេស គឺ Bolivian Workers Central បានអំពាវនាវឱ្យមានការធ្វើកូដកម្មទូទាំងប្រទេស កាលពីថ្ងៃទី២ ខែឧសភា ដើម្បីទាមទារការដំឡើងប្រាក់ខែ និងធ្វើឲ្យប្រសើរដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ។ ចាប់តាំងពីពេលនោះមក ក្រុមផ្សេងៗគ្នាបានចូលរួមក្នុងការតវ៉ា ដោយក្រុមជនជាតិដើមភាគតិច Ponchos Rojos និងសហជីពគ្រូបង្រៀន បានយកចិត្តទុកដាក់ចំពោះការអំពាវនាវនេះ កាលពីថ្ងៃចន្ទនៅទីក្រុង El Alto និងទីក្រុង La Paz។
មន្ត្រីរដ្ឋាភិបាលម្នាក់ បានស្តីបន្ទោសក្រុមមេដឹកនាំដែលមានទំនាក់ទំនងជាមួយអតីតប្រធានាធិបតី លោក Evo Morales ចំពោះការរៀបចំការតវ៉ា។ លោក Morales បានអំពាវនាវកាលពីចុងសប្តាហ៍សម្រាប់ការធ្វើបាតុកម្មពីទីក្រុង Caracollo ទៅកាន់ទីក្រុង La Paz ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារ ទី១២ ខែឧសភានេះ ដើម្បីតវ៉ាប្រឆាំងគោលនយោបាយរបស់ លោក Paz។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Marco Oviedo បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរតំបន់ និងថ្នាក់ដឹកនាំអង្គភាពនានានៅទីក្រុង La Paz ខណៈក្រសួងអប់រំ ក៏បានកោះហៅសហជីពគ្រូបង្រៀនឱ្យមកចរចា នៅថ្ងៃអង្គារនេះ។

