អង្គការសហប្រជាជាតិបានរាយការណ៍នៅថ្ងៃអង្គារទី១២ឧសភានេះ ថា ជនស៊ីវិលអាហ្វហ្គានីស្ថានយ៉ាងហោចណាស់៣៧២ បានស្លាប់ក្នុងជម្លោះរវាងកងកម្លាំងរដ្ឋាភិបាល និងប៉ាគីស្ថាន ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ក្នុងនោះ ការស្លាប់ជាងពាក់កណ្ដាលដោយសារការវាយប្រហារតាមអាកាសលើមជ្ឈមណ្ឌលព្យាបាលអ្នកញៀនថ្នាំ ក្នុងទីក្រុង Kabul។
ទំនាក់ទំនងរវាងទីក្រុង Islamabad និងKabul បានដុនដាបខ្លាំង ចាប់តាំងពីក្រុមតាលីបង់បានត្រឡប់ទៅកាន់អំណាចវិញ ក្នុងឆ្នាំ២០២១ និងបានផ្ទុះឡើងនូវអ្វីដែលរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន បានហៅថាជាសង្គ្រាមបើកចំហរ ក្នុងខែកុម្ភៈឆ្នាំ២០២៦នេះ។

ទីក្រុង Islamabad បានចោទប្រកាន់រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន ពីបទផ្ដល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធដែលនៅពីក្រោយការវាយប្រហារចេះតែកើនឡើង ពិសេស ក្រុមប៉ាគីស្ថានតាលីបង់ (Pakistan Taliban) ដែលបានបង្កើតយុទ្ធនាការហិង្សារយៈពេលជាច្រើនឆ្នាំមកនេះ ។
មន្ត្រីអាហ្វហ្គានីស្ថានបដិសេធការចោទប្រកាន់នេះ ហើយបានឆ្លើយតបថា ប៉ាគីស្ថានផ្តល់ជម្រកដល់ក្រុមអរិភាព និងមិនគោរពអធិបតេយ្យភាពរបស់ខ្លួន។
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន (UNAMA) បាននិយាយថា ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ UNAMA បានកត់ត្រាចំនួនជនស៊ីវិលសរុប៣៧២ នាក់ត្រូវបានសម្លាប់ និង៣៩៧ នាក់រងរបួស ព្រោះអំពើហិង្សាប្រដាប់អាវុធឆ្លងព្រំដែន រវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងកងកម្លាំងយោធាប៉ាគីស្ថាន។
នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះរបាយការណ៍នេះ ប៉ាគីស្ថាន បាននិយាយថា ជនស៊ីវិល និងបុគ្គលិកសន្តិសុខប៉ាគីស្ថានចំនួន១៣០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីដើមឆ្នាំនេះ៕

