លោក Mike Huckabee ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះថា អ៊ីស្រាអែលបានបញ្ជូន Iron Dome ១ឈុត និងបុគ្គលិកទៅកាន់ប្រទេសអេមីអារ៉ាប់រួម ដើម្បីដំណើរការប្រព័ន្ធការពារដែនអាកាសមួយនេះ។
លោក Huckabee បានថ្លែងនៅឯព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Tel Aviv ថា៖ «អ៊ីស្រាអែលទើបតែបញ្ជូនប្រព័ន្ធការពារដែនអាកាស Iron Dome និងបុគ្គលិកទៅ (អារ៉ាប់រួម) ដើម្បីជួយឲ្យពួកគេដំណើរការវា។ ហេតុអ្វី? ដោយសារតែការមាននូវទំនាក់ទំនងមិនធម្មតា រវាងអារ៉ាប់រួម និងអ៊ីស្រាអែលដោយផ្អែកលើកិច្ចព្រមព្រៀង Abraham»។ លោកកំពុងសំដៅទៅលើកិច្ចព្រមព្រៀងឆ្នាំ២០២០ ដែលបានឃើញអ៊ីស្រាអែលបង្កើតទំនាក់ទំនងជាមួយអារ៉ាប់រួម។
ប្រភពមួយដែលត្រូវបានរាយការណ៍ឲ្យដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Reuters ថា អ៊ីស្រាអែលបានបញ្ជូនប្រព័ន្ធការពារដែនអាកាសទៅកាន់អារ៉ាប់រួម ដើម្បីជួយឲ្យប្រទេសនេះការពារខ្លួន ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលមានសង្គ្រាម។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានកំណត់គោលដៅលើអារ៉ាប់រួមច្រើនជាងប្រទេសដទៃទៀត ចាប់តាំងពីមានការចាប់ផ្តើមនូវសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយបានបន្តបើកការវាយប្រហារ ក្នុងអំឡុងពេលមានបទឈប់បាញ់បច្ចុប្បន្ន៕