នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានចោទសួរពីកិច្ចប្រជុំនាពេលខាងមុខរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donal Trump និងប្រធានាធិបតីចិនលោក Xi Jinping ក្នុងទីក្រុងប៉េកាំង នាថ្ងៃទី ១៤ ខែឧសភា ខាងមុខនេះ ។
លោក Nejati គឺជាពលរដ្ឋអ៊ីរ៉ង់មួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិននៅឈូងសមុទ្រ មានច្រើន ហើយលោកសង្ឃឹមថា លោក Xi នឹងដាក់ឥទ្ធិពលលើលោក Trump ដើម្បីដកចេញសម្ពាធលើអ៊ីរ៉ង់ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសហរដ្ឋអាមេរិកដែលពិនិត្យមើលដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់លោក Trump ទៅកាន់ចិនក្នុងសប្តាហ៍នេះ បានឲ្យដឹងថា លោក Xi និងលោក Trumpនឹងមានជំនួបមួយផ្តោតសំខាន់លើបញ្ហាពន្ធ អ៊ីរ៉ង់ កោះតៃវ៉ាន់ បញ្ញាសិប្បនិម្មិត និងអាវុធនុយក្លេអ៊ែរ ស្របពេលដែលពួកគេចង់ពង្រីកកិច្ចព្រមព្រៀងរ៉ែសំខាន់ ។
វានឹងក្លាយជាជំនួបទល់មុខគ្នាជាលើកដំបូងរវាងមេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ក្នុងរយៈពេលជាង ៦ខែកន្លងមកនេះ ខណៈពួកគេព្យាយាមធ្វើឲ្យស្ថិរភាពទំនាក់ទំនងជាប់គាំង ដោយសារពាណិជ្ជកម្ម សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និងការខ្វែងគំនិតគ្នាលើវិស័យជាច្រើនទៀត ។
ចិននៅតែរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងនៅតែជាអ្នកប្រើប្រាស់សំខាន់ប្រេងនំាចេញរបស់អ៊ីរ៉ង់ ។ លោក Trumpពឹងផ្អែកចិន ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជំរុញឲ្យទីក្រុងតេអេរ៉ង់ចុះកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន និងបញ្ចប់ជម្លោះដែលបានកើតឡើង ពេលដែលអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារតាមច្រកអាកាសលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈកន្លងទៅ ៕