នាយករដ្ឋមន្ត្រីនៃកោះ Greenland បាននិយាយនៅថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះថា ការចរចា រវាងដាណឺម៉ាក Greenland និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាកកំពុងមានវឌ្ឍនភាព ប៉ុន្តែកិច្ចព្រមព្រៀងមួយមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។

កោះអាកទិកដែលសម្បូរទៅដោយធនធានរ៉ែមួយនេះ ត្រូវបានប្រធានាធិបតីអាមេរិកលោក Donald Trump ចង់បាន។
ក្នុងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំកំពូលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ នៅទីក្រុង Copenhagen (Copenhagen Democracy Summit) នាយករដ្ឋមន្ត្រី លោក Jens-Frederik Nielsen បានបញ្ជាក់ថា៖ យើងកំពុងចរចា ប៉ុន្តែយើងមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយទេ។ វាមានការពិបាកណាស់ ដែលខ្ញុំត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់ អំពីការសន្ទនានៅក្នុងក្រុមការងារ ប៉ុន្តែយើងបានចាត់វិធានការមួយចំនួន ក្នុងទិសដៅដ៏ត្រឹមត្រូវ»។
កាលពីខែមករា លោក Trump បានលុបការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក ក្នុងការដណ្តើមគ្រប់គ្រងលើដែនដី Greenland នេះ។ បន្ទាប់ពីនោះទីក្រុង Copenhagen និង Nuuk បានរៀបចំកិច្ចប្រជុំលើកដំបូង នៅទីក្រុង Washington។ បន្ទាប់មក ក្រុមការងារមួយត្រូវបានបង្កើតឡើង ដើម្បីពិភាក្សាអំពីជំហររបស់សហរដ្ឋអាមេរិក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ BBC បានឲ្យដឹងថា ការចរចាកំពុងត្រូវបានដឹកនាំដោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក លោក Michael Needham ឯកអគ្គរដ្ឋទូតដាណឺម៉ាក ប្រចាំសហរដ្ឋអាមេរិក លោក Jesper Moller Sorensen និងអ្នកការទូតកោះ Greenland លោក Jacob Isbosethsen៕
