ក្រសួងសុខាភិបាលលីបង់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បានសម្លាប់មនុស្ស ៣៨០ នាក់ ចាប់តាំងពីបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហេសបូឡា បានចាប់ផ្តើម នៅថ្ងៃទី ១៧ ខែមេសា។

មន្ត្រីក្រសួងម្នាក់ បាននិយាយថា៖«មនុស្ស ៣៨០ នាក់ ក្នុងនោះមានកុមារ ២២នាក់ និងស្ត្រី ៣៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើប្រទេសលីបង់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន» ក្នុងចំណោមមនុស្សសរុបប្រហែល ២.៩០០ នាក់ ដែលត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង នៅថ្ងៃទី 0២ ខែមីនា។
ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ដែលចេញផ្សាយដោយទីក្រុងវ៉ាស៊ីនតោន អ៊ីស្រាអែលរក្សាសិទ្ធិក្នុងការធ្វើសកម្មភាពប្រឆាំងនឹង `ការវាយប្រហារដែលបានគ្រោងទុក ការវាយប្រហារភ្លាមៗ ឬការវាយប្រហារដែលកំពុងបន្ត~។ បន្ថែមពីលើការធ្វើការវាយប្រហារតាមអាកាសដែលកំពុងបន្ត កងទ័ពអ៊ីស្រាអែល បានប្រតិបត្តិការនៅពីក្រោយអ្វីដែលហៅថា «ខ្សែបន្ទាត់ពណ៌លឿង» ដែលមានប្រវែងប្រហែល ១០ គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនរវាងប្រទេសទាំងពីរ៕
