ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Everglades ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក រយៈពេល ២ថ្ងៃជាប់ៗគ្នា ស្របពេលដែលឧទ្ធម្ភាគចក្រទម្លាក់ទឹកលើអណ្តាតភ្លើង ស្របពេលមានសំណុំផ្សែងយ៉ាងក្រាស់ហុយលើអាកាស ។
សេវាកម្មព្រៃឈើរដ្ឋ Florida និយាយថា ភ្លើងឆេះព្រៃ បានឆាប់ឆេះដីព្រៃទំហំជាង ២.៨០០ហិចតា នៅស្រុកភាគខាងលិច Broward ហើយភ្លើងឆេះព្រៃប្រហែល ៤០ភាគរយ ត្រូវបានទប់ស្កាត់ ក្នុងនោះក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីទីភ្នាក់ងារជាច្រើន ប្រឹងប្រែង ដើម្បីពន្យឺតការរីករាលដាលនៃអណ្តាតភ្លើង ។
កាលពីយប់កន្លងទៅ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានបង្កើតតំបន់ការពារមួយស្ថិតនៅសហគមន៍លំនៅដ្ឋានចល័ត Holly Lake ដើម្បីការពារផ្ទះសម្បែងប្រជាពលរដ្ឋប្រហែល ៦៥០ខ្នង កុំឲ្យស្ថិតក្នុងគ្រោះថ្នាក់នៃភ្លើងឆេះព្រៃ ។
ខណៈពេលនោះដែរ ក្រុមព្យាករឧតុនិយម និយាយថា ពួកគេរំពឹងថា ភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងអាចជួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃទាំងនេះ ៕