មន្រ្តីសេតវិមាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោក Elon Musk លោក Tim Cook ប្រធានប្រតិបត្តិក្រុមហ៊ុន Apple លោក Larry Culp ប្រធានប្រតិបត្តិក្រុមហ៊ុនអវកាស GE និងលោក Kelly Ortberg ប្រធានប្រតិបត្តិក្រុមហ៊ុន Boeing នឹងចូលរួមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ។
មន្រ្តីរូបនោះបន្តថា ប្រតិភូផ្សេងទៀតដែលនឹងត្រូវចូលរួមដំណើរទស្សនកិច្ចនេះដែរ រួមមានលោកស្រី Dina Powell McCormick មកពីក្រុមហ៊ុន Meta លោក Larry Fink មកពីក្រុមហ៊ុន BlackRock លោក Stephen Schwarzman មកពីក្រុមហ៊ុន Blackstone លោក Sanjay Mehrotra មកពីក្រុមហ៊ុន Micron លោក Michael Miebach មកពីក្រុមហ៊ុន Mastercard លោក Cristiano Amon មកពីក្រុមហ៊ុន Qualcomm និងលោក Ryan McInerney មកពីក្រុមហ៊ុន Visa ។
អ្នកនាំពាក្យក្រុមហ៊ុន Cisco និយាយថា ប្រធានប្រតិបត្តិក្រុមហ៊ុនលោក Chuck Robbins ត្រូវបានអញ្ជើញដោយសេតវិមានផងដែរ ដើម្បីឲ្យចូលរួមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ប៉ុន្តែរូបលោកមិនអាចចូលរួមបានទេ ស្របពេលដែលប្រាក់ចំណូលរបស់ក្រុមហ៊ុន នឹងត្រូវបញ្ចេញឲ្យដឹងនៅក្នុងសប្តាហ៍នេះ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីព្រឹកថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងចិន ត្រូវបានគេរំពឹងថានឹងយល់ព្រមលើវេទិកានានា ដើម្បីសម្របសម្រួលពាណិជ្ជកម្មរៀងៗខ្លួន ហើយនិងការវិនិយោគទុន ខណៈចិនត្រូវបានគេរំពឹងថា នឹងប្រកាសការទិញផលិតផលពាក់ព័ន្ធនឹងយន្តហោះក្រុមហ៊ុន Boeing ផលិតផលកសិកម្ម និងថាមពលរបស់សហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងធុរកិច្ចធំៗ ឬការទិញផលិតសំខាន់ៗ តែងតែត្រូវបានប្រកាស អំឡុងជំនួបកំពូលរវាងចិន និងសហរដ្ឋអាមេរិក ៕
