បាល់ទាត់៖ ប្រធានក្រុម Manchester City កីឡាករប្រេស៊ីល Fernandinho នឹងចាកចេញនៅដំណាច់រដូវកាលនេះហើយ ខណៈដំណឹងនេះធ្វើឱ្យលោក Pep Guardiola ភ្ញាក់ផ្អើល។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានបន្តកិច្ចសន្យាកាលពីខែមិថុនាឆ្នាំមុនដែលមានសុពលភាពមួយឆ្នាំ។

Fernandinho បាននិយាយថា គេនឹងត្រលប់ទៅទឹកដីកំណើតប្រេស៊ីលវិញ នេះជាការសម្រេចចិត្តជាមួយក្រុមគ្រួសារ។ ចំណែកលោក Pep Guardiola និយាយក្នុងសន្និសីទសារព័ត៌មានមុនជួប Atletico Madrid រាត្រីនេះថា លោកមិនដឹងសោះថា Fernandinho ចង់ចាកចេញបែបនេះ ពោលគឺគេជាសមាជិកសំខាន់របស់ក្រុម ហើយលោកនឹងព្យាយាមនិយាយជាមួយ Fernandinho ម្តងទៀតនៅពេលចប់រដូវកាល។
រំលឹកថា តាំងពីផ្លាស់មកកាន់ Manchester City កាលពីឆ្នាំ២០១៣ ពីក្លិបអ៊ុយក្រែន Shakhtar Donetsk, Fernandinho បានឈ្នះពាន English Premier League ៤លើក, FA Cup ១លើក, EFL Cup ៦លើករួចមកហើយ។ រដូវកាលនេះ Fernandinho បង្ហាញខ្លួនសរុប ២៣លើកឱ្យ Manchester City នៅគ្រប់ក្របខណ្ឌ តែចាប់ផ្តើម ១១នាក់ដំបូងបានតែ ៦ប្រកួតប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ