ប្រភពព័ត៌មានអ៊ីស្រាអែលជាច្រើនបានប្រាប់ទូរទស្សន៍ CNN ថា អ៊ីស្រាអែល មានការព្រួយបារម្ភថាលោកប្រធានាធិបតីអាមេរិកលោក Donald Trump អាចនឹងធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់មុនពេលដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន ជាដើមចមដែលជំរុញឱ្យប្រទេសទាំងពីរចាប់ផ្តើមសង្គ្រាមមុន ។

ប្រភពព័ត៌មានបាននិយាយថា កិច្ចព្រមព្រៀងមួយដែលទុកឱ្យកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នៅដដែលដោយផ្នែក ខណៈរំលងបញ្ហាដូចជាមីស៊ីលផ្លោងបាលីស្ទីក និងការគាំទ្រសម្រាប់ក្រុមតំណាងប្រដាប់អាវុធក្នុងតំបន់ នឹងនាំឱ្យអ៊ីស្រាអែលមើលឃើញថាគោលបំណងសង្គ្រាមរបស់ខ្លួនពុំបានសម្រេចទេ។
ប្រភពព័ត៌មានអ៊ីស្រាអែលមួយបាននិយាយថា ក្តីបារម្ភចម្បងគឺថាលោក Trump នឹងធុញទ្រាន់ការចរចា ហើយកាត់បន្ថយកិច្ចព្រមព្រៀង ដោយធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយនឹងសម្បទាននៅនាទីចុងក្រោយ។
ប្រភពដដែលនិយាយថា ខណៈក្រុមមន្ត្រីអាមេរិកបានធានាដល់អ៊ីស្រាអែលថា បញ្ហាស្តុកអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់រួចរបស់អ៊ីរ៉ង់ នឹងត្រូវបានដោះស្រាយ ការដកចេញជាក់ស្តែងនៃកម្មវិធីមីស៊ីលផ្លោង និងបណ្តាញក្រុមប្រដាប់អាវុធតំណាងរបស់ទីក្រុងតេអេរ៉ង់ ពីកិច្ចចរចា គឺជារឿងធំមួយ។
អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាង១.០០០ គ្រាប់ទៅលើអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ឈូងសមុទ្រក្នុងអំឡុងពេលសង្គ្រាម ក៏ដូចជាការបាញ់ផ្លោងយានដ្រូនផងដែរ។
មន្ត្រីទាំងនោះបាននិយាយថា កិច្ចព្រមព្រៀងមួយផ្នែកដែលបរាជ័យក្នុងការដោះស្រាយសមត្ថភាពសំខាន់ៗមួយចំនួនរបស់អ៊ីរ៉ង់ ខណៈបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចលើប្រទេសនេះ ក៏អាចធ្វើឲ្យរបបនេះមានស្ថិរភាព និងផ្តល់ឲ្យប្រទេសនេះនូវលំហូរសាច់ប្រាក់ចូលក្នុងដៃពួកគេផងដែរ។ ក្តីបារម្ភទាំងនេះបានបង្ហាញពីគម្លាតរវាងលោក Trump ដែលហាក់ដូចជាស្ទាក់ស្ទើរក្នុងការបន្តសង្គ្រាមឡើងវិញ និងលោក Netanyahu ដែលខ្លាចថាកិច្ចព្រមព្រៀងណាមួយនឹងបញ្ចប់ដោយធ្វើឲ្យខ្លួនមិនអាចសម្រេចគោលបំណងដំបូងទាំងអស់របស់ខ្លួនក្នុងការកម្ចាត់អ៊ីរ៉ង់៕


