ស្នូកឃ័រ៖ អតីតកីឡាករស្នូកឃ័រលេខ ១ ពិភពលោក Ding Junhui បានវាយបកពីក្រោយពីបរាជ័យនៅហ្វ្រេមដំបូងរហូតយកឈ្នះមិត្តរួមជាតិចិន Tian Pengfei នៅវគ្គជម្រុះស្នូកឃ័រជើងឯកពិភពលោក។ Ding Junhui យកឈ្នះដោយលទ្ធផល ៦-៤ហ្វ្រេមនៃជុំទី៣ វគ្គជម្រុះ។

ជុំចុងក្រោយ Ding នឹងត្រូវជួបជាមួយកីឡាករ David Lilley ដើម្បីកៅអីស្នូកឃ័រជើងឯកពិភពលោកដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ David Lilley ដែលជាគូប្រកួតរបស់ Ding Junhui នៅជុំបន្តនោះបានយកឈ្នះកីឡាករ Kurt Mufin ៦-១ហ្វ្រេម។ ងាកមកលទ្ធផលផ្សេងទៀតកីឡាករ Graeme Dott ក៏បានឈានចូលជុំចុងក្រោយនៃវគ្គជម្រុះដែរ ក្រោយយកឈ្នះកីឡាករចិន Pang Junxu ៦-១ហ្វ្រេម។ ក្នុងចំណោមជ័យជំនះ ៦ហ្វ្រេមនោះជើងឯកពិភពលោកឆ្នាំ២០០៦ Graeme Dott ធ្វើបានពិន្ទុអតិបរមា ១៤៧ពិន្ទុនៅហ្វ្រេមទី៥។
មកដល់វ័យ ៤៤ឆ្នាំហើយកីឡាករសញ្ជាតិស្កុតឡេន Graeme Dott ទើបសម្រេចបានការវាយមួយឈើបានពិន្ទុអតិបរមា ១៤៧ពិន្ទុនេះជាលើកទី២ ប៉ុណ្ណោះ។ ប្រាក់រង្វាន់ដែលសម្រេចបានពិន្ទុអតិបរមានេះ Graeme Dott ទទួលបាន ១ម៉ឺនផោន ហើយក៏នឹងកើនដល់ ១ម៉ឺន ៥ពាន់ផោនប្រសិនគ្មាននរណាធ្វើបានបែបនេះក្នុងវគ្គជម្រុះនេះ៕
អត្ថបទ៖នាង សុភាវុធ