ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅយប់ថ្ងៃអង្គារ១២ ឧសភាសប្ដាហ៍នេះថា លោកនឹងស្នើសុំឱ្យប្រធានាធិបតីចិន លោក Xi Jinping បើកចំហប្រទេសចិនកាន់តែទូលំទូលាយ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់លោកជាមួយមេដឹកនាំចិនរូបនេះ ខណៈបណ្ដានាយកប្រតិបត្តិមកពីក្រុមហ៊ុនធំៗជាច្រើនរបស់សហរដ្ឋអាមេរិក អមដំណើរលោកក្នុងដំណើរបំពេញទស្សនកិច្ចនៅសប្ដាហ៍នេះ។

យោងតាមសេតវិមាន លោក Donald Trump និងសមភាគីចិនរបស់លោកគឺ លោក Xi Jinping នឹងជួបពិភាក្សាទល់មុខគ្នានៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៤ ខែឧសភាស្អែកនេះ នៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលមានភាពប្រឈមខ្ពស់ ដែលនឹងត្រូវបានគ្របដណ្ដប់ដោយការពិភាក្សាអំពីពាណិជ្ជកម្ម សង្គ្រាមនៅអ៊ីរ៉ង់ និងបញ្ហាកោះតែវ៉ាន់។
លោក Trump បានធ្វើអត្ថាធិប្បាយនេះនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈរូបលោកក៏បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីបញ្ជីភ្ញៀវសម្រាប់ដំណើរនេះផងដែរ ដោយនិយាយថានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Nvidia លោក Jensen Huang ត្រូវបានអញ្ជើញ។

លោក Trump បានសរសេរថា ទូរទស្សន៍ CNBC បានរាយការណ៍មិនត្រឹមត្រូវថា លោក Jensen Huang ដ៏អស្ចារ្យរបស់ក្រុមហ៊ុន Nvidia មិនត្រូវបានអញ្ជើញទ។ តាមពិតទៅ លោក Jensen បច្ចុប្បន្នកំពុងស្ថិតនៅលើយន្តហោះ Air Force One ដោយបន្ថែមថា លោកទន្ទឹងរង់ចាំជួបលោក Xi ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត ហើយនឹងធ្វើឱ្យការបើកចំហប្រទេសចិនកាន់តែទូលំទូលាយជា «សំណើដំបូងបំផុត» របស់លោក៕