មណ្ឌលគិរី៖ នៅថ្ងៃនេះ មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី សហការគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរក្រុងសែនមនោរម្យ និងក្រុមយុវជន (សសយក) នាំគ្នារើសសំរាមសម្អាតតំបន់ទេសចរណ៍ក្នុងបរិវេណក្រុងសែនមនោរម្យ ពិសេសតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចំណុចចម្ការស្រល់ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដើម្បីសោភ័ណភាព និងរក្សាអនាម័យជូនអ្នកទេសចរ ដែលនឹងចូលទៅកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំថ្មី។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានលើកឡើងថា ដោយមានការណែនាំរបស់ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី ឲ្យមានការសម្អាតទីក្រុង ពិសេសគឺតំបន់រមណីយដ្ឋាន មន្ត្រីជំនាញមកពីមន្ទីរបរិស្ថាន តំបន់ការពារសត្វព្រៃ កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរក្រុងសែនមនោរម្យ និងក្រុមយុវជន (សសយក) បានរួមគ្នាជាកម្លាំងដើម្បីសម្អាតក្រុងសែមនោរម្យ ត្រៀមទទួលភ្ញៀវទេសចរ ដែលចាប់ពីចំណុចចម្ការស្រល់រហូតដល់សួនច្បារនៅក្នុងក្រុង។
អភិបាលក្រុងសែនមនោរម្យ លោក ហៀក សុផាន ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរដែលនឹងចូលទៅលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដោយការវេចខ្ចប់សំរាមដែលសេសសល់ ដាក់ក្នុងធុងសំរាមនានា ដែលមានដាក់នៅបរិវេណសាធារណៈ ព្រោះបើអ្នកទាំងអស់គ្នាចូលរួមសម្អាតបរិស្ថាន នោះសំរាម នឹងមិនមាននោះទេ ។
ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ជាកន្លែងទាក់ទាញភ្ញៀវទេសចរឲ្យចូលកម្សាន្តច្រើន ប៉ុន្តែទន្ទឹមនេះ ភ្ញៀវទេសចរមួយចំនួន ក៏មិនបានគិតគូរពីបញ្ហាបរិស្ថានអនាម័យនៅកន្លែងសាធារណៈ ជាពិសេសចំណុចចម្ការស្រល់ ដែលតែងមានភ្ញៀវទេសចរជួបជុំហូបអាហារនៅទីនោះ តែក្រោយពេលពួកគេចេញទៅវិញ មិនបានវេចខ្ចប់សំរាមទុកដាក់ឲ្យល្អនោះទេ ដូចនេះបានបន្សល់នូវសំរាមប្លាស្ទិកជាច្រើននៅបរិវេណចម្ការស្រល់ ហើយជារឿយៗមន្ត្រីបរិស្ថានបានដើរប្រមូលសំរាមទាំងនេះយកដុតកម្ទេចចោល ៕អត្ថបទ៖ អ៊ិត ភីរុណ




