ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអង្គារ១២ឧសភាសប្ដាហ៍នេះ ដោយដកស្រង់ប្រភពព័ត៌មានមួយថា អ៊ីរ៉ង់នឹងមិនចូលរួមការចរចាជុំទីពីរជាមួយអាមេរិកទេ លុះត្រាតែបុរេលក្ខខណ្ឌចំនួន៥ដែលមានគោលបំណងកសាងទំនុកចិត្តត្រូវបានបំពេញ។

ប្រភពព័ត៌មាននេះបានពិពណ៌នាអំពីការទាមទារទាំងនេះថាជា "ការធានាកសាងទំនុកចិត្តអប្បបរមា" ដែលតម្រូវមុនពេលការចរចាថ្មីណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនអាចចាប់ផ្តើម។ លក្ខខណ្ឌទាំងនោះរួមមានការបញ្ចប់អរិភាពនៅគ្រប់ទិសទី ជាពិសេសនៅលីបង់ ការលើកទណ្ឌកម្មលើអ៊ីរ៉ង់ ការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបានបង្កក ការទូទាត់សំណងសម្រាប់អ៊ីរ៉ង់ចំពោះការខូចខាតដោយសង្គ្រាម និងការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz។
ប្រភពព័ត៌មានបាននិយាយថា ការទាមទារទាំងនេះត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិកចំនួន ១៤ ចំណុច។

យោងតាមរបាយការណ៍ អ៊ីរ៉ង់ក៏បានជូនដំណឹងដល់ប៉ាគីស្ថាន ដែលកំពុងសម្របសម្រួលការចរចាថា ការបិទផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិកជាបន្តបន្ទាប់នៅក្នុងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ បន្ទាប់ពីបទឈប់បាញ់ បានបន្ថែមការមិនទុកចិត្តរបស់ទីក្រុងតេអេរ៉ង់ចំពោះទីក្រុងវ៉ាស៊ីនតោន។
ដោយឡែក លោក Ebrahim Rezaei អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់អាចនឹងបង្កើនការចម្រាញ់អ៊ុយរ៉ានីញ៉ូមរបស់ខ្លួនដល់៩០% ប្រសិនបើត្រូវបានវាយប្រហារម្តងទៀត។

ទន្ទឹមនឹងនេះ លោក Mohammad Eslami នាយកអង្គការថាមពលអាតូមិកអ៊ីរ៉ង់ បានថ្លែងថា បច្ចេកវិទ្យានុយក្លេអ៊ែរ និងការចម្រាញ់អ៊ុយរ៉ានីញ៉ូម នឹងមិនមែនជាផ្នែកមួយនៃការចរចាណាមួយជាមួយសហរដ្ឋអាមេរិកនោះទេ៕