ស្វាយរៀង៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នៅថ្ងៃស្អែកនេះ មន្ត្រីជំនាញ នៅតាមច្រកទ្វារព្រំដែនខេត្តស្វាយរៀង បានធ្វើការបង្កើនពង្រឹងអនុវត្តវិធានការសុខាភិបាល បន្ទាប់ពីពលរដ្ឋ ខ្មែរឆ្លងដែនចូលមកមានចំនួនកើនឡើងច្រើនជារៀងរាល់ថ្ងៃ ។
លោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធានក្រុមចត្តាឡីស័កប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានប្រាប់ BTVកាលពីម្សិលមិញថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរ បានធ្វើដំណើរពីវៀតណាម ចូលមក កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានការកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡើងវិញ ក្រោយពីអាក់ខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិអស់រយៈពេលជាង២ឆ្នាំកន្លងមក។
លោក បានបញ្ជាក់ថា ការវិលត្រឡប់របស់ពលករខ្មែរចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ មន្ត្រីគ្រប់ផ្នែក បានខិតខំធ្វើការសម្រួលរាល់កិច្ចការងារផ្សេងៗជូន និងបានធ្វើការពិនិត្យសុខភាពគ្រប់ៗគ្នា មុននឹង ឲ្យពួកគេវិលត្រលប់ទៅស្រុកកំណើតតាមបណ្តារាជធានី-ខេត្តនានា។ ការរឹតបន្តឹងវិធានការនៅតាមច្រកព្រំដែន គឺដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩។
តាមរបាយការណ៍របស់មន្ត្រីក្រុមការងារចត្តាឡីស័កប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត គិតត្រឹម ថ្ងៃទី១០ ខែមេសានេះ ច្រកទ្វារព្រំដែន មានភ្ញៀវជាជនជាតិខ្មែរ បានធ្វើដំណើរចូលមកកម្ពុជាវិញ ប្រមាណជាង ៨០០នាក់ ខណៈដែលភ្ញៀវបរទេសចូលមកកម្ពុជា មានកំណើនឡើងល្អបង្គួរ បន្ទាប់ពីរាជរដ្ឋាភិបាល បានធ្វើការបើកប្រទេសឡើងវិញ៕ អត្ថបទ៖ ភា សារិត