បាត់ដំបង៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ ពលករខ្មែររាប់ពាន់នាក់ ក្នុងមួយថ្ងៃៗ បានសម្រុកចេញពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង ដើម្បីមកលេងស្រុកកំណើត ។
លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង បានឱ្យដឹងថា អាជ្ញាធរខេត្តច័ន្ទបុរី ប្រទេសថៃ បានសម្របសម្រួលឱ្យពលករខ្មែរវិលត្រឡប់មកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមេសានេះ ទើបធ្វើឱ្យរំហូរពលករមានការកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានច្រកព្រំដែនរូបនេះ បានបញ្ជាក់បន្ថែមថា ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ភាគច្រើន មានកាតចាក់វ៉ាក់សាំង ចាប់ពី២ដូសឡើងទៅ ហើយអាជ្ញាធរ បានខិតខំពន្លឿនការបំពេញបែបបទផ្សេងៗ ដើម្បីឱ្យពួកគេបានត្រឡប់ទៅស្រុកកំណើតឆាប់រហ័ស។
លោក ឃឹម ទិព្វមុនី បានឱ្យដឹងបន្ថែមថា ចំពោះការចរាចរដោះដូរទំនិញ រវាងកម្ពុជា-ថៃ តាមច្រកខេត្តបាត់ដំបង នៅមុនបុណ្យចូលឆ្នាំថ្មីមានការកើនឡើង៕ អត្ថបទ៖ នឿត សុភក្ត្រ


