ទីភ្នាក់ងារសារព័ត៌មាន Mizan របស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ប្រទេសនេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហរដ្ឋអាមេរិក នៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ក្នុងទីក្រុងឡាអេ ពីបទឈ្លានពានយោធារបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងនៃសកម្មភាពយោធាប្រឆាំងនឹងប្រទេសនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Mizan នៃប្រព័ន្ធតុលាការអ៊ីរ៉ង់ បណ្តឹងនេះ ត្រូវបានដាក់ទៅ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA)ក្នុងខែកុម្ភៈ ដោយលើកឡើងពីការរំលោភលើកិច្ចព្រមព្រៀងអាល់ហ្សេរីឆ្នាំ ១៩៨១ និងការរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិរបស់សហរដ្ឋអាមេរិក អំឡុងពេលសង្គ្រាមរយៈពេល ១២ថ្ងៃ ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងខែមិថុនា ឆ្នាំ ២០២៥។

យោងតាមសារព័ត៌មាន Mizan អ៊ីរ៉ង់បានទាមទារឲ្យតុលាការកាត់ទោសសហរដ្ឋអាមេរិកពីបទជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងបញ្ជាឲ្យរដ្ឋាភិបាលអាមេរិកបញ្ចប់ការជ្រៀតជ្រែកដោយផ្ទាល់ និងដោយប្រយោលរបស់ខ្លួនជាបន្ទាន់។
របាយការណ៍នេះ បានបញ្ជាក់ថា អ៊ីរ៉ង់ក៏បានទាមទារឲ្យសហរដ្ឋអាមេរិកផ្តល់ការធានាថា ខ្លួននឹងមិនធ្វើសកម្មភាពទាំងនោះម្តងទៀត និងសងសំណងពេញលេញសម្រាប់ការខូចខាតដែលបង្កឡើងលើអ៊ីរ៉ង់៕