ចក្រភពអង់គ្លេសបានឲ្យដឹងកាលពីថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) ថា ខ្លួននឹងរួមចំណែកផ្ដល់ឧបករណ៍រាវរកមីនស្វ័យប្រវត្តិ យន្តហោះចម្បាំង Typhoon និងនាវាចម្បាំង HMS Dragon នៅក្នុងបេសកកម្មការពារពហុជាតិសាសន៍ដែលមានគោលបំណងធានាសុវត្ថិភាពដល់ការដឹកជញ្ជូន នៅច្រកសមុទ្រ Hormuz។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បានប្រកាសពីការប្តេជ្ញាចិត្តនេះ ក្នុងអំឡុងពេលមានកិច្ចប្រជុំកំពូលនិម្មិត (អនឡាញ) ជាមួយសមភាគីជាង ៤០រូប មកពីប្រទេសដទៃទៀតដែលពាក់ព័ន្ធនឹងបេសកកម្មនេះ ជាអ្វីដែលលោកបាននិយាយថា នឹងចាប់ផ្តើមដំណើរការនៅពេលដែលលក្ខខណ្ឌអនុញ្ញាតឲ្យ។
លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាមួយសម្ព័ន្ធមិត្តរបស់យើង បេសកកម្មពហុជាតិសាសន៍នេះ នឹងមានលក្ខណៈការពារ ឯករាជ្យ និងគួរឲ្យទុកចិត្ត"។
គួរបញ្ជាក់ថា សង្គ្រាមអ៊ីរ៉ង់បានធ្វើឲ្យចរាចរណ៍ថយចុះយ៉ាងខ្លាំងភ្លាមៗ នៅច្រកសមុទ្រ Hormuz ដោយរំខានដល់ការនាំចេញប្រេង និងធ្វើឲ្យតម្លៃថាមពលហក់ឡើង។ ប្រហែល ១ភាគ៥ នៃប្រេងរបស់ពិភពលោកឆ្លងកាត់ច្រកសមុទ្រនេះ។
ការចូលរួមចំណែករបស់ចក្រភពអង់គ្លេស នឹងត្រូវបានគាំទ្រដោយមូលនិធិថ្មីចំនួន ១១៥លានផោន (១៥៥.៥៣លានដុល្លារ) សម្រាប់យានដ្រូនរាវរកមីន និងប្រព័ន្ធប្រឆាំងយានដ្រូន ខណៈដែលទីក្រុងឡុងដ៍្រស្វែងរកការធានាដល់ការដឹកជញ្ជូនពាណិជ្ជកម្ម ដោយសារការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ ក្នុងអំឡុងពេលមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់៕

