សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងតេអេរ៉ង់អាចពិចារណាបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមដល់ភាពបរិសុទ្ធ ៩០ភាគរយ ប្រសិនបើប្រទេសនេះ ត្រូវរងការវាយប្រហារម្តងទៀត។

លោក Ebrahim Rezaei អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានធ្វើការអត្ថាធិប្បាយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានថា បទឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ គឺ «ពិតជាផុយស្រួយ និងជិតដួលរលំ»។

លោក Rezaei បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ជម្រើសមួយរបស់អ៊ីរ៉ង់ ក្នុងករណីមានការវាយប្រហារមួយផ្សេងទៀត អាចបង្កើនភាពសុទ្ធរបស់សារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ ៩០ ភាគរយ។ យើងនឹងពិនិត្យជម្រើសនេះឡើងវិញ នៅក្នុងសភា»។
ន្ទឹមនឹងនេះ លោក Mohammad Eslami ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា បច្ចេកវិទ្យានុយក្លេអ៊ែរ និងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសនេះ គឺមិនអាចចរចាបានទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។
បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៤០ ថ្ងៃ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ដទៃទៀត នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់បទឈប់បាញ់ នៅថ្ងៃទី ០៨ ខែមេសា៕