រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានជួបជាមួយសមភាគីអង់គ្លេសរបស់ព្រះអង្គ គឺលោកស្រី Yvette Cooper នៅទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីសន្តិសុខ និងផលវិបាកសេដ្ឋកិច្ចនៃភាពតានតឹង ដែលកំពុងបន្តកើតមាន នៅក្នុងច្រកសមុទ្រហ័រមូស។
រដ្ឋមន្ត្រីទាំងពីររូប បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងណាមួយដើម្បីប្រើប្រាស់ច្រកសមុទ្រនេះ ជាឧបករណ៍សម្រាប់សម្ពាធនយោបាយ ឬសេដ្ឋកិច្ច គឺជាការរំលោភលើច្បាប់អន្តរជាតិ និងប៉ះពាល់ដល់ពាណិជ្ជកម្មសកល។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត។
ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងផ្លូវទឹកដ៏សំខាន់នេះ ដែលប្រេង និងឧស្ម័នធម្មជាតិរាវជិត ២០ភាគរយនៃពិភពលោកត្រូវបានដឹកជញ្ជូនពីឈូងសមុទ្រទៅកាន់ទីផ្សារសកល បានឆ្លងកាត់។
ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កាលពីខែមេសាក៏ដោយ ក៏ច្រកសមុទ្រហ័រមូស ត្រូវបានបិទសម្រាប់ការដឹកជញ្ជូន ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ៕