ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់របស់ចិន បានជំរុញឲ្យប៉ាគីស្ថានបង្កើនកិច្ចប្រឹងប្រែងសម្របសម្រួល រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងជួយដោះស្រាយ «ឲ្យបានសមស្រប» ចំពោះការបើកច្រកសមុទ្រ Hormuz ឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយបែបនេះជាមួយសមភាគីប៉ាគីស្ថានរបស់លោក គឺលោក Ishaq Dar អំឡុងពេលជជែកតាមទូរស័ព្ទ កាលពីថ្ងៃទី១២ ខែឧសភា។

ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅល្ងាចថ្ងៃទី១៣ ខែឧសភានេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលប្រទេសរបស់លោក គឺជាដៃគូយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់របស់អ៊ីរ៉ង់។
សារព័ត៌មាន Xinhua បានឲ្យដឹងថា ក្នុងឱកាសជជែកតាមទូរស័ព្ទនោះ លោក Wang បានអំពាវនាវឲ្យប៉ាគីស្ថាន «បង្កើនកិច្ចប្រឹងប្រែងសម្របសម្រួល និងចូលរួមចំណែកដោះស្រាយបញ្ហា ទាក់ទងនឹងការបើកច្រកសមុទ្រ Hormuz ឲ្យបានសមស្រប»។ បើយោងតាមសារព័ត៌មាន Xinhua ដដែល បានឲ្យដឹងបន្ថែមថា លោក Wang បានបញ្ជាក់ថា៖ «ប្រទេសចិននឹងបន្តគាំទ្រកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ប៉ាគីស្ថាន និងចូលរួមចំណែករបស់ខ្លួន ឆ្ពោះទៅរកការបញ្ចប់វិបត្តិនេះ»។
គួរបញ្ជាក់ថា ប៉ាគីស្ថានបានលេចឡើងក្នុងនាមជាអន្តរការីដ៏សំខាន់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងស្ថិតក្នុងដំណើរការចរចាកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីមានជម្លោះ។ រដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែឧសភា បានបដិសេធមិនទទួលយកគំនិតនៃការធ្វើវិសោធនកម្មសំណើរបស់ខ្លួន ដែលលោក Trump បានចាត់ទុកថា ជា «ការស្នើមិនផ្ដល់ប្រយោជន៍អ្វី»៕
