រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) រំពឹងថា ការផលិតប្រេង និងលំហូរពាណិជ្ជកម្មសកល ភាគច្រើននឹងវិលត្រឡប់ទៅកម្រិតមុនមានជម្លោះ នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ទោះបីជាហានិភ័យ នៅច្រកសមុទ្រ Hormuz នៅតែបន្តផ្ដល់សម្ពាធលើទីផ្សារប្រេងក៏ដោយ។
នៅក្នុងទស្សនវិស័យថាមពលរយៈពេលខ្លីខែឧសភារបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) EIA បានឲ្យដឹងថា ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ភាគច្រើននៅទ្រឹងដោយសារតែហានិភ័យនៃការវាយប្រហារ លើនាវាដឹកប្រេង និងការបិទខ្ទប់ផ្លូវរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ តាមរយៈផ្លូវទឹកនេះ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា ឥឡូវនេះ ខ្លួនសន្មតថា ច្រកសមុទ្រនេះនឹងនៅតែបិទយ៉ាងមានប្រសិទ្ធភាព រហូតដល់ចុងខែឧសភា ដោយលំហូរចាប់ផ្តើមមានឡើងវិញយឺតៗ នៅចុងខែឧសភា ឬដើមខែមិថុនា។ EIA បានបញ្ជាក់ថា៖ «សូម្បីតែបន្ទាប់ពីលំហូរចាប់ផ្ដើមឡើងវិញក៏ដោយ ក៏យើងរំពឹងថា វានឹងចំណាយពេលរហូតដល់ចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដើម្បីឲ្យការផលិត និងគំរូពាណិជ្ជកម្មមុនជម្លោះ ភាគច្រើនចាប់ផ្ដើមឡើងវិញ»។
ទីភ្នាក់ងារនេះបានប៉ាន់ប្រមាណថា ការកាត់បន្ថយការផលិតប្រេង នៅតំបន់មជ្ឈិមបូព៌ា គឺជាមធ្យម ១០,៥លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែមេសា ហើយនឹងឡើងដល់កម្រិតខ្ពស់បំផុតជិត ១០,៨លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែឧសភា ខណៈការរឹតបន្តឹងសមត្ថភាពស្តុក ជំរុញឲ្យក្រុមហ៊ុនផលិតកាត់បន្ថយបរិមាណបន្ថែម។
នៅពេលដែលចរាចរណ៍ឆ្លងកាត់ចក្រសមុទ្រ Hormuz ចាប់ផ្ដើមមានឡើងវិញបណ្ដើរៗ ហើយការកាត់បន្ថយការផលិត ចាប់ផ្តើមត្រលប់មកវិញ ទីភ្នាក់ងារនេះរំពឹងថា តម្លៃប្រេងម៉ាក Brent នឹងធ្លាក់ចុះមកត្រឹមជាមធ្យម ៨៩ដុល្លារ ក្នុងមួយបារ៉ែល នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៦ និង ៧៩ដុល្លារ ក្នុងមួយបារ៉ែល នៅឆ្នាំ២០២៧៕

