គណៈរដ្ឋមន្ត្រីអារ៉ាប់រួមបានបន្ថែមបុគ្គល ១៦ នាក់ និងក្រុមហ៊ុនចំនួន ៥ ដែលមានមូលដ្ឋាននៅលីបង់ ទៅក្នុងបញ្ជីភេរវករក្នុងស្រុករបស់ខ្លួន ជុំវិញទំនាក់ទំនងជាមួយក្រុមហេសបូឡា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM កាលពីថ្ងៃអង្គារ។
សេចក្តីសម្រេចលេខ(៦៣) ឆ្នាំ ២០២៦ របស់គណៈរដ្ឋមន្ត្រី ក៏តម្រូវឲ្យ អាជ្ញាធរនិយតកម្មបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងក្រុមហ៊ុនទាំងអស់ ដែលទាំងអស់មកពីប្រទេសលីបង់ ក្នុងរយៈពេល ២៤ម៉ោង។
សារព័ត៌មាន WAM បានឲ្យដឹងថា៖«ចលនានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អេមីរ៉ាតអារ៉ាប់រួម ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីបញ្ឈប់ និងរុះរើបណ្តាញដែលទាក់ទងនឹងហិរញ្ញប្បទានភេរវកម្ម និងសកម្មភាពពាក់ព័ន្ធ មិនថាដោយផ្ទាល់ ឬដោយប្រយោលទេ»។
អារ៉ាប់រួមបានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រឆាំងនឹងភេរវកម្ម និងភាពជ្រុលនិយម ជាពិសេសការត្រួតពិនិត្យបណ្តាញហិរញ្ញវត្ថុគួរឲ្យសង្ស័យ និងរារាំងប្រភពហិរញ្ញប្បទានខុសច្បាប់ ដែលមានគោលបំណងទប់ស្កាត់ការរីករាលដាលនៃការគំរាមកំហែងបែបនេះ និងលុបបំបាត់ការផ្តល់ហិរញ្ញប្បទានភេរវកម្មឆ្លងដែន៕