អ៊ុយក្រែនបានបន្តការវាយប្រហារដោយយានដ្រូនលើរោងចក្រចម្រាញ់ប្រេង និងកំពង់ផែរបស់រុស្ស៊ី នៅថ្ងៃពុធនេះ រយៈពេលពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់រយៈពេលបីថ្ងៃ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផុតកំណត់។
អ៊ុយក្រែនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងមូស្គូពីវិស័យថាមពល និងធ្វើឲ្យចុះខ្សោយអំណាចយោធារបស់ខ្លួន ខណៈដែលសង្គ្រាមរយៈពេល៤ ឆ្នាំ នៅតែបន្ត។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ដ្រូនអ៊ុយក្រែនចំនួន ២៨៦ គ្រឿង ត្រូវបានស្ទាក់ចាប់ និងបំផ្លាញនៅពីខាងលើតំបន់រុស្ស៊ីពេញមួយយប់។
អាជ្ញាធរតំបន់បាននិយាយថា នៅក្នុងតំបន់ Krasnodar ភាគខាងត្បូង បំណែកយានដ្រូនបានធ្លាក់នៅជិតរោងចក្រឧស្សាហកម្មមួយ ដែលបានបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ នៅក្នុងភូមិ Volna ជាកន្លែងដែលផលិតផលប្រេង និងស្ថានីយផ្សេងទៀតរបស់កំពង់ផែ Taman ស្ថិតនៅ។
កម្ទេចកម្ទីពីការវាយប្រហារដោយយានដ្រូនអ៊ុយក្រែនមួយគ្រឿងដាច់ដោយឡែកមួយ បានបង្កឲ្យមាន អគ្គិភ័យនៅរោងចក្រកែច្នៃឧស្ម័ន ដែលផលិតប្រេងឥន្ធនៈផងដែរ នៅក្នុងតំបន់ Astrakhan ភាគខាងត្បូងរបស់រុស្ស៊ី។ នេះបើយោងតាមអាជ្ញាធរតំបន់៕

