អ្នកស្រុកមួយចំនួនរស់នៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ បានបង្ហាញមន្ទិលសង្ស័យរបស់ពួកគេចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មកកាន់ទីក្រុងរបស់ពួកគេ ស្របពេលដែលរដ្ឋធានីប្រទេសចិនមួយនេះ បានរឹតបន្តឹងសន្តិសុខ ។
អ្នកស្រុកម្នាក់និយាយថា លោក Trump មិនអាចទុកចិត្តបានឡើយ ពីព្រោះថា លោកគឺជាប្រភេទមនុស្សដែលចូលចិត្តកូបញ្ហា ខណៈអ្នកស្រុកម្នាក់ទៀត និយាយថា គោលនយោបាយល្អៗមួយចំនួន អាចនឹងកើតចេញពីជំនួបមួយនេះ ។
លោក Lou Huilian គឺជាពាណិជ្ជករដូរប្រេងរថយន្តវ័យ ៤៤ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងប៉េកាំង និយាយថា លោកមិនដឹងនោះទេថាតើលោក Trumpជាមនុស្សស្មោះត្រង់ពិតប្រាកដឬយ៉ាងណា ប៉ុន្តែនិយាយក្នុងនាមជាពលរដ្ឋចិន និងក្នុងនាមជានរណាម្នាក់ធ្វើការក្នុងវិស័យពាណិជ្ជកម្ម លោកគ្រាន់តែសង្ឃឹមថា គោលនយោបាយល្អៗ នឹងលេចចេញពីជំនួបលើកនេះ ។

លោក Trump នឹងជួបប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ក្នុងសប្តាហ៍នេះ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសចិន ក្នុងរយៈពេល ៩ឆ្នាំ ។
ប្រភពស្និទ្ធនឹងបញ្ហានេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រធានប្រតិបត្តិសហរដ្ឋអាមេរិករាប់សិបនាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយលោក Trump នៅក្នុងដំណើរទស្សនកិច្ចរបស់លោក រួមទាំងលោក Elon Musk លោក Tim Cook គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន Apple និងប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ៕
