យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះ បានបង្ហាញថា ការនាំចូលដោយសហភាពអឺរ៉ុប (EU) នូវឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី បានឈានដល់កម្រិតខ្ពស់បំផុត នៅក្នុងត្រីមាសទី១ ចាប់តាំងពីមានការឈ្លានពានរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
ការកើនឡើងនេះបានកើតមាននៅពេលដែលប្រទេសនានា នៅទូទាំងពិភពលោក កំពុងប្រឹងប្រែងយ៉ាងប្រញាប់ប្រញាល់ ដើម្បីផ្គត់ផ្គង់ថាមពល ក្នុងគោលបំណងជំនួសការដឹកជញ្ជូនត្រូវបានរំខាន ក្នុងអំឡុងពេលមានសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែ EU បានប្ដេជ្ញាថា នឹងបញ្ចប់ការនាំចូលឧស្ម័ន និងប្រេងរបស់រុស្ស៊ីទាំងអស់ នៅចុងឆ្នាំ២០២៧ ដោយសារសង្គ្រាម នៅអ៊ុយក្រែន។
ការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី តាមរយៈបំពង់បង្ហូរទៅកាន់ EU បានផ្អាកភាគច្រើន ប៉ុន្តែប្រទេសជាច្រើន នៅតែទិញ LNG តាមរយៈនាវាដឹកប្រេងដែលដឹកនាំដោយប្រទេសបារាំង អេស្ប៉ាញ និងបែលហ្ស៊ិក។ នេះបើយោងតាមវិទ្យាស្ថានសេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ (IEEFA) ដែលជាក្រុមស្រាវជ្រាវឯករាជ្យ។
របាយការណ៍របស់ស្ថាប័នេះ បានរកឃើញថា EU បាននាំចូលឧស្ម័នរុស្ស៊ីចំនួន ៦,៩ពាន់លានម៉ែត្រគូប ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ ដែលជាការកើនឡើង ១៦ភាគរយ បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំមុន និងខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២២។ IEEFA បានប្រាប់សារព័ត៌មាន AFP ថា និន្នាការនេះបានបន្តមាន នៅក្នុងខែមេសា ដោយការនាំចូលកើនឡើង ១៧ភាគរយ ធៀបនឹងឆ្នាំមុន។
បើយោងតាមក្រុមនេះ បានដឹងទៀតថា រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ LNG ធំជាងគេទី២ សម្រាប់ប្លុកនេះ ដោយផ្គត់ផ្គង់ប្រហែល ១៤ភាគរយនៃចំនួនសរុប៕

