ក្រុមមន្រ្តីនិយាយថា មនុស្ស ៦នាក់ បានស្លាប់ និងមនុស្ស ១៣នាក់ផ្សេងទៀត បានរងរបួស ក្រោយបាក់ជញ្ជាំងអគារកំពុងស្ថិតក្រោមការសាងសង់ នៅរដ្ឋភាគខាងលិច Maharashtra ប្រទេសឥណ្ឌា ។
ឧបទ្ទេវហេតុនេះ បានកើតឡើងកាលពីថ្ងៃអង្គារ ពេលក្រុមធម្មយាត្រាវិលត្រឡប់ពីពិធីជួបជុំសាសនាវិញ បាននាំគ្នាមកជ្រកក្រោមការដ្ឋានសំណង់ បន្ទាប់ពីមេឃមានភ្លៀងធ្លាក់ខ្លាំង ។
លោក Chandrakant Patil គឺជារដ្ឋមន្រ្តីក្រសួងអប់រំរដ្ឋ Maharashtra និយាយថា កាលពីថ្ងៃម្សិលមិញ ក្រោយធ្វើធម្មយាត្រា ភ្លៀងក៏បានចាប់ផ្តើមបង្អុរចុះមកយ៉ាងខ្លាំង ។

លោកថា ដើម្បីកុំឲ្យពួកគេត្រូវភ្លៀង ក្រុមធម្មយាត្រាទំាងនោះ ក៏នាំគ្នាមកជ្រកក្រោមការដ្ឋានសំណង់កំពុងសាងសង់ ជាទីដែលជញ្ជាំងបានបាក់សង្កត់លើពួកគេ បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស ។
នគរបាលនិយាយថា អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុង Jat, Miraj និងទីក្រុង Vijaypur ស្ថិតក្នុងរដ្ឋជិតខាង Karnataka ។
សំណងសម្រាប់គ្រួសារជនរងគ្រោះ ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសឡើងដោយរដ្ឋាភិបាលឥណ្ឌា ក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈក្រុមអាជ្ញាធរ កំពុងបើកការស៊ើបអង្កេតលើមូលហេតុនាំឲ្យកើតមានឧបទ្ទេវហេតុមួយនេះ ៕
