ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើរថយន្តនៅលើផ្លូវហាយវេមួយ នៅភាគខាងត្បូងនៃទីក្រុងបេរូត នាថ្ងៃពុធនេះ បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានកុមារពីរនាក់ ដែលជាការវាយប្រហារចុងក្រោយបំផុត ទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហេសបូឡាក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា៖«ការវាយឆ្មក់ចំនួនបីដែលធ្វើឡើងដោយអ៊ីស្រាអែលដែលជាសត្រូវ នៅលើផ្លូវហាយវេឆ្នេរសមុទ្រ Saida-South ជាពិសេសនៅក្នុងទីក្រុង Barja, Jiyeh និង Saadiyat បានបណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ ក្នុងនោះមានកុមារពីរនាក់»។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីមួយ នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ នៅថ្ងៃពុធនេះ ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា ទោះបីជាមានបទឈប់បាញ់ជាមួយរដ្ឋាភិបាលលីបង់ ដើម្បីបញ្ឈប់ការប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធនេះក៏ដោយ។
យោធាបាននិយាយថា៖«កងកម្លាំង IDF បានចាប់ផ្តើមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ក្រុមហេសបូឡា នៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់» ប៉ុន្មានម៉ោងបន្ទាប់ពីចេញការព្រមានជម្លៀសថ្មីសម្រាប់ភូមិមួយចំនួន នៅក្នុងតំបន់នោះ៕
