
បាត់ដំបង៖ នៅក្នុងខេត្តបាត់ដំបង មានតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិជាច្រើនកន្លែង ដែលគួរជាទីកន្លែងសម្រាកលំហែកម្សាន្តអារម្មណ៍ ក្នុងឱកាសឈប់សម្រាកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ជាពិសេសកម្មវិធីសង្រ្កាន្តបាត់ដំបង និងតំបន់ទេសចរណ៍ទាំងនោះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរ។
មន្ត្រីទេសចរណ៍រំពឹងថា បន្ទាប់ពីអាក់ខានពីរឆ្នាំនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ទេសចរ នឹងរីករាយក្នុង ការធ្វើដំណើរកម្សាន្ត ហើយខេត្តបាត់ដំបង នឹងជាគោលដៅមួយនៃទេសចរផងដែរ។ ទីតាំងទេសចរណ៍ជាច្រើន ក្នុងខេត្តបាត់ដំបង ពិសេសរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ត្រូវ បានតុបតែងលម្អ ត្រៀមបម្រុងសេវាកម្មនានា ដើម្បីទទួលស្វាគមន៍ និងបម្រើដល់ភ្ញៀវទេសចរ ។
លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ទន្ទឹមនឹងការរៀបចំកម្មវិធីកម្សាន្តសប្បាយ ក្រុមការងារមន្ទីរទេសចរណ៍ត្រៀមចុះពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
ខេត្តបាត់ដំបងមានវិសាលភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តមានចំនួន១១១ ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន ២០ ទីតាំង សហគមន៍ និងអេកូទេសចរណ៍មាន ០៤ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង និងកសិទេសចរណ៍មាន០៤ទីតាំង៕








