ប្រទេសទួរគីបានលុបចោលការរឹតបន្តឹងពន្ធគយមួយចំនួនលើប្រទេសអាមេនី នៅថ្ងៃពុធនេះ ដោយបើកផ្លូវសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់រវាងប្រទេសទាំងពីរ ដែលជាសញ្ញាបន្ថែមទៀតនៃការធ្វើឲ្យ ទំនាក់ទំនងមានភាពប្រក្រតីឡើងវិញ បន្ទាប់ពីទំនាក់ទំនងដ៏តានតឹងជាង ៣០ឆ្នាំ។
ទួរគី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យភាពរបស់អាមេនីពីសហភាពសូវៀត ក្នុងឆ្នាំ ១៩៩១ ប៉ុន្តែប្រទេសនេះបានបិទព្រំដែនរបស់ខ្លួន និងបញ្ឈប់ពាណិជ្ជកម្មដោយផ្ទាល់ជាមួយប្រទេសជិតខាងរបស់ខ្លួនក្នុងឆ្នាំ ១៩៩៣ ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺប្រទេសអាស៊ែរបៃហ្សង់ ក្នុងជម្លោះណាហ្គ័រណូ-ការ៉ាបាក ជាមួយប្រទេសអាមេនី។

ប្រទេសជិតខាងទាំងពីរ មិនមានទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីពេលនោះមក ក្នុងចំណោមមរតកនៃអរិភាពប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងរ ដែលកើតចេញពីការសម្លាប់រង្គាលជនជាតិអាមេនី ក្នុងសង្គ្រាមលោកលើកទី១ ដោយកងកម្លាំងអូតូម៉ង់ ដែលត្រូវបានចាត់ទុកថា ជាអំពើប្រល័យពូជសាសន៍ដោយប្រទេសអាមេនី និងប្រទេសជាច្រើនទៀត។
ក្រសួងការបរទេសទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធនេះថា បទប្បញ្ញត្តិថ្មីមានន័យថា ទំនិញដែលធ្វើដំណើរពីប្រទេសទួរគីទៅកាន់ប្រទេសទី៣ ហើយបន្ទាប់មកទៅកាន់ប្រទេសអាមេនី ឬផ្ទុយមកវិញ ឥឡូវនេះអាចមានគោលដៅចុងក្រោយ ឬប្រទេសដើមរបស់ពួកគេ ត្រូវបានចុះបញ្ជីជា «អាមេនី» ឬ «ទួរគី»៕
