ស្នងការពង្រីកសមាជិកអឺរ៉ុបលោកស្រី Marta Kos និយាយថា ការពង្រីកសមាជិកអឺរ៉ុប បានវិលត្រឡប់មកស្ថិតនៅលើកំពូលរបៀបវារៈនយោបាយអឺរ៉ុបវិញហើយ ដោយសារតែការគំរាមកំហែងខាងក្រៅដែលពួកគេកំពុងប្រឈម ។
លោកស្រី Kosa ថ្លែងបែបនេះ នៅក្នុងជំនួបកំពូលជាមួយប្រទេសមិត្តនៅតំបន់បាល់កង់ខាងលិចកាលពីថ្ងៃអង្គារ ដែលបានធ្វើឡើងនៅក្នុងទីក្រុង Bratislava របស់ប្រទេសស្លូវ៉ាគី និងនាំឲ្យមានការជួបជុំគ្នារបស់រដ្ឋមន្រ្តីការបរទេស និងក្រុមតំណាងមកពីទូទាំងតំបន់ ដើម្បីពិភាក្សាលើការធ្វើសមាហរ័ណកម្មសហភាពអឺរ៉ុប សម្រាប់ប្រទេសនៅតំបន់បាល់កង់ ។

លោកស្រីបន្តថា ពួកយើងមិនអាចបណ្តោយឲ្យចំណុចសន្តិសុខដ៏ខ្មៅងងឹត កើនឡើងនៅក្នុងប្រទេសជិតខាងរបស់ពួកយើងនោះឡើយ ហើយច្បាស់ណាស់ថា ទាំងនេះ គឺជាតំបន់ដែលប្រទេសផ្សេងទៀត នឹងព្យាយាមកេងប្រវ័ញ្ច ។
លោកស្រី Kosaនិយាយទៀតថា ប៉ុន្តែពួកយើងដឹងថា ការធ្វើសមាហរ័ណកម្ម ត្រូវការចំណាយពេលវេលា ហើយបរិស្ថានភូមិសាស្រ្តនយោបាយឆាប់ប្រែប្រួលសព្វថ្ងៃ ពេលវេលាគឺជាអ្វីមួយដែលពួកយើងមិនអាចខ្ជះខ្ជាយបានទៀតទេ ។
លោកស្រីថា នេះហើយគឺជាហេតុដែលពួកយើងត្រូវការស្វែងមធ្យោបាយថ្មីនៃការធ្វើសមាហរ័ណកម្ម គំរូដែលនាំឲ្យប្រទេសជិតខាងពួកយើង ចូលមកកាន់តែឆាប់ និងកាន់តែជ្រៅ ទៅក្នុងរចនាសម្ព័ន្ធអឺរ៉ុប បើទោះបីជាមុនពេលពួកគេក្លាយជាសមាជិកពេញសិទ្ធិក៏ដោយ ៕
