ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានអំពីលទ្ធភាពមានការវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូនរបស់រុស្ស៊ី ពេញមួយថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះ ដោយនិយាយថា យានដ្រូនជាង ១០០គ្រឿង ស្ថិតនៅក្នុងដែនអាកាសរបស់អ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូបានប្តូរយុទ្ធសាស្ត្រ ដើម្បីបើកការវាយប្រហារកាន់តែខ្លាំង ក្នុងអំឡុងពេលថ្ងៃ។

លោក Zelensky បានឲ្យដឹងតាមរយៈសារមួយនៅលើបណ្ដាញសង្គម X ថា៖ «រុស្ស៊ីបន្តការវាយប្រហាររបស់ខ្លួន ហើយកំពុងធ្វើដូច្នេះដោយឥតញញើត ដោយមានចេតនាកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងទីតាំងស៊ីវិលរបស់យើង នៅក្នុងទីក្រុងនានារបស់យើង។
ចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាម កាលពីជាង ៤ឆ្នាំមុន រុស្ស៊ីភាគច្រើនបានធ្វើការវាយប្រហារធំៗ ដោយយានដ្រូន និងមីស៊ីល នៅពេលយប់។ តែក្នុងសប្តាហ៍ថ្មីៗនេះ ប្រទេសនេះបានបញ្ជូនយានដ្រូន និងមីស៊ីលរាប់រយគ្រឿងម្តងហើយម្តងទៀត ក្នុងអំឡុងពេលថ្ងៃ។
មានការកត់ត្រាកម្រិតខ្ពស់បំផុត សម្រាប់ចំនួនអាវុធដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារបែបនេះ កាលពីថ្ងៃទី២៤ ខែមីនា។ ការវាយប្រហារក្នុងពេលថ្ងៃ គឺរំខានដល់ជីវិតជនស៊ីវិលកាន់តែច្រើន។
កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ថា រុស្ស៊ីបានវាយប្រហារប្រទេសដោយប្រើយានដ្រូនចំនួន ១៣៩គ្រឿង ចាប់តាំងពីម៉ោង ៦ល្ងាច (ត្រូវនឹងម៉ោង ១៥ ម៉ោងសកល) កាលពីថ្ងៃអង្គារ ដែលក្នុងនោះ ១១១គ្រឿង ត្រូវបានបាញ់ទម្លាក់ ឬធ្វើឲ្យលែងដំណើរការ។
ទីក្រុងមូស្គូបដិសេធថា មិនបានកំណត់គោលដៅជនស៊ីវិលដោយចេតនានោះទេ ប៉ុន្តែបានសម្លាប់ពួកគេរាប់ពាន់នាក់ក្នុងអំឡុងសង្គ្រាម ហើយបញ្ជាក់ថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺស្របច្បាប់ ប្រសិនបើធ្វើឲ្យសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនចុះខ្សោយ៕


