មូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF)និយាយថា កុមារយ៉ាងហោច ៧០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង និងតំបន់ហ្សេរុយសាឡឹមខាងកើត ចាប់តាំងពីដើមឆ្នាំ ២០២៥រហូតមក ។ អត្រានេះ មានន័យថា កុមារប្រហែលម្នាក់ ត្រូវបានសម្លាប់នៅក្នុងរយៈពេល ១សប្តាហ៍ ។
លោក James Elder គឺជាអ្នកនាំពាក្យអង្គការ UNICEF និយាយថា កុមាររងផលប៉ះពាល់ខ្លាំង ដោយសារប្រតិបត្តិការយោធាកើនឡើង ហើយនិងការវាយប្រហាររបស់ក្រុមតាំងលំនៅនិគមន៍នៅទូទាំងតំបន់កាន់កាប់វ៉េសប៊ែង រួមទំាងនៅតំបន់ហ្សេរុយសាឡឹមខាងកើតផងដែរ ។

លោកបន្តថា ៩៣ភាគរយនៃកុមារ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ដែលវាអាចរាប់បញ្ចូលថា ជាឧក្រិដ្ឋកម្មដ៏ឃោឃៅមួយមកលើកុមារប៉ាឡេស្ទីន ។
លោកនិយាយទៀតថា កុមារផ្សេងទៀត បានក្លាយជាជនរងគ្រោះនៃការវាយប្រហាររបស់ក្រុមតំាងលំនៅនិគមន៍ គ្រាប់មិនទាន់ផ្ទុះ និងការវាយប្រហារដោយចៃដន្យរបស់កងកម្លាំងប៉ាឡេស្ទីន ។
យោធាអ៊ីស្រាអែល ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ជុំវិញការលើកឡើងពីការសម្លាប់កុមារប៉ាឡេស្ទីននៅតំបន់កាន់កាប់វ៉េសប៊ែង និងតំបន់ហ្សេរុយសាឡឹមខាងកើត ៕
