ថ្លែងទៅកាន់សន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចុះសិលា សម្រាប់ការពង្រីកអគារអង្គការសហប្រជាជាតិ(UN)នៅទីក្រុង Nairobi ប្រទេសកេនយ៉ា អគ្គលេខាធិការ UN លោក Antonio Guterres បានធ្វើសេចក្តីអត្ថាធិប្បាយពីវិបត្តិនៅប្រទេសគុយបា រយៈពេលតិចជាង ១សប្តាហ៍ប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិក បង្កើនទណ្ឌកម្មលើប្រទេសកោះមួយនេះ ។
លោក Guterres និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលជំហររបស់ពួកយើង ពាក់ព័ន្ធនឹងទណ្ឌកម្មនៅប្រទេសគុយបា គឺច្បាស់លាស់ ។ មាននូវសេចក្តីសម្រេចមួយ ជារៀងរាល់ឆ្នាំរបស់មហាសន្និបាត UN ដែលគិតថា ទណ្ឌកម្មទាំងនោះ បានបំពានលើច្បាប់អន្តរជាតិ ។
លោកបន្តថា ពួកយើងមានការព្រួយបារម្ភខ្លាំងណាស់ចំពោះស្ថានភាពមនុស្សធម៌នៅគុយបា ហើយពួកយើងមានជំនឿថា នឹងគ្មានដំណោះស្រាយយោធា អាចត្រូវបានស្វែងរកសម្រាប់គុយបានោះទេ ពួកយើងត្រូវការកិច្ចសន្ទនាដ៏មានអត្ថន័យមួយ ដើម្បីធានាបានថា ពលរដ្ឋគុយបាមិនត្រូវរងគ្រោះនោះទេ ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើធុរកិច្ចដែលគ្រប់គ្រងដោយយោធាគុយបា ហើយនិងការបណ្តាក់ទុនរ៉ែរួមគ្នារវាងគុយបា និងកាណាដា ។
បន្ទាប់ពីយោធាសហរដ្ឋអាមេរិកចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់គុយបាកាលពីខែមករា លោកប្រធានាធិបតី Donald Trump និយាយថា គុយបា គឺជាអ្នកបន្ទាប់ ហើយនិងបានបិទការដឹកជញ្ជូនប្រេងភាគច្រើនទៅកាន់ប្រទេសមួយនេះ ៕

