ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍នៅថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះថា រញ្ជួយដីតូចៗជាបន្តបន្ទាប់ចំនួន ៩លើក បានកើតឡើងនៅតំបន់ Pardis ភាគខាងកើតទីក្រុងតេអេរ៉ង់ កាលពីយប់មិញ (យប់ថ្ងៃអង្គារ) ដែលធ្វើឲ្យមានក្ដីបារម្ភជាថ្មី ក្នុងចំណោមអ្នកជំនាញ និងប្រជាជនថា រដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់មួយនេះអាចប្រឈមនឹងគ្រោះមហន្តរាយរញ្ជួយដីដ៏ធំ។
សកម្មភាពដដែលៗនេះបានធ្វើឲ្យមានក្ដីបារម្ភឡើងវិញ ដែលថា សម្ពាធតិចតូនិចដែលប្រមូលផ្តុំនៅក្រោម និងជុំវិញរដ្ឋធានី ដែលស្ថិតនៅកៀកនឹងខ្សែប្រេះដីសកម្មជាច្រើន នៅចំណុចណាមួយនាពេលអនាគត អាចបង្កឲ្យកើតការរញ្ជួយដីធ្ងន់ធ្ងរជាងនេះ។ បើទោះបីជាការរញ្ជួយតូច នៅក្នុងតំបន់នេះ កើតឡើងញឹកញាប់ក៏ដោយ ក៏វាមិនសូវកើតមានច្រើនជាប់ៗគ្នាដូចនេះដែរ។
រញ្ជួយដីដែលត្រូវបានកត់ត្រា មួយយប់ នៅខេត្តតេអេរ៉ង់ភាគខាងកើត ត្រូវបានគេទទួលអារម្មណ៍ដឹង នៅក្នុងតំបន់មួយ ជិតស្នាមប្រេះដី Mosha ដែលជាតំបន់រញ្ជួយដីសកម្មបំផុតមួយរបស់អ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការរញ្ជួយមួយ ក្នុងចំណោមរញ្ជួយដីជាច្រើន ត្រូវបានកត់ត្រាក្នុងកម្រិត ៤,៦រ៉ិចទ័រ ដោយបន្ថែមថា សកម្មភាពរញ្ជួយដីដ៏ស្រាលនេះ មិនបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ឬការខូចខាតអ្វីឡើយ។
សារព័ត៌មានពាក់កណ្តាលផ្លូវការ Mehr បានដកស្រង់សម្តីអ្នកជំនាញខាងរញ្ជួយដី លោក Mehdi Zare ដែលបាននិយាយថា គេមិនទាន់ដឹងច្បាស់នោះទេថា តើរញ្ជួយដីទាំងនេះតំណាងឲ្យការបញ្ចេញសម្ពាធថាមពលរញ្ជួយដីដែលប្រមូលផ្ដុំយូរហើយ ជាអ្វីដែលនឹងកាត់បន្ថយហានិភ័យនាពេលអនាគត ឬផ្ទុយទៅវិញជាសញ្ញាព្រមាននៃសកម្មភាពនាពេលអនាគតដ៏ខ្លាំងក្លាតាមបណ្តោយប្រព័ន្ធស្នាមប្រេះ នៅជិតទីក្រុងតេអេរ៉ង់ ឬយ៉ាងណា។
លោក Zare បានព្រមានថា ភាពងាយរងគ្រោះរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានពង្រីក ដោយមិនត្រឹមតែដោយសារស្នាមប្រេះសកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារការអភិវឌ្ឍទីក្រុងដែលមានសំណង់អគារស្អេកស្កះ ការប្រមូលផ្តុំប្រជាជនដ៏ច្រើនណែនណាន់តាន់តាប់ និងការត្រៀមខ្លួនមានកម្រិតផងដែរ។ លោកបាននិយាយថា សូម្បីតែការរញ្ជួយតូចៗ ក៏អាចបណ្តាលឲ្យមានការរំខាន នៅក្នុងរដ្ឋធានី ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនសូវរឹងមាំ និងការកកស្ទះ ដែលធ្វើឲ្យស្មុគស្មាញដល់ការឆ្លើយតបក្នុងគ្រាអាសន្ន៕


