រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយកាលពីថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេសអូស្ត្រាលីនឹងចូលរួមជាមួយបេសកកម្ម «ការពារយ៉ាងតឹងរ៉ឹង» ដែលដឹកនាំដោយបារាំង និងចក្រភពអង់គ្លេស ដើម្បីធានាសុវត្ថិភាពការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។
បន្ទាប់ពីមានកិច្ចប្រជុំប្រទេសចំនួន ៤០ លោក Marles បានបញ្ជាក់ថា អូស្ត្រាលីនឹងរួមចំណែកដោយយន្តហោះឃ្លាំមើល Wedgetail E-7A ដែលត្រូវបានដាក់ពង្រាយរួចហើយ នៅក្នុងតំបន់នេះ ដើម្បីការពារអេមីរ៉ាតអារ៉ាប់រួមពីការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់។

លោក Marles បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អូស្ត្រាលីត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្របេសកកម្មយោធាពហុជាតិឯករាជ្យ និងការពារយ៉ាងតឹងរ៉ឹងដែលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង នៅពេលដែលវាត្រូវបានបង្កើតឡើង»។
លោកបានបន្ថែមថា បេសកកម្មយោធាពហុជាតិត្រូវបានរៀបចំឡើង ដើម្បីបំពេញបន្ថែមការចូលរួមការទូត និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង ខណៈពេលដែល «បង្ហាញពីការប្តេជ្ញាចិត្តជាក់ស្តែង ចំពោះសន្តិសុខនៃពាណិជ្ជកម្មអន្តរជាតិ»៕

