រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាមបង្វែរការចាប់អារម្មណ៍របស់ពិភពលោកចេញពីបញ្ហាប៉ាឡេស្ទីន។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ RT India លោក Lavrov បានអត្ថាធិប្បាយ ជុំវិញស្ថានភាព នៅតំបន់មជ្ឈិមបូព៌ាថា ជម្លោះដែលបង្កឡើងដោយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ វ៉េណេស៊ុយអេឡា គុយបា កាណាដា និងកោះ Greenland កំពុងបង្វែរការចាប់អារម្មណ៍របស់អន្តរជាតិចេញពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។
លោកបានបញ្ជាក់ថា៖ «កិច្ចប្រឹងប្រែងទាំងអស់ដែលកំពុងត្រូវបានធ្វើឡើង នាពេលនេះ នៅប្រទេសវ៉េណេស៊ុយអេឡា អ៊ីរ៉ង់ គុយបា កោះ Greenland ហើយឥឡូវនេះកាណាដា បញ្ហាទាំងអស់នេះកំពុងធ្វើឲ្យយើងទៅឆ្ងាយពីការដោះស្រាយវិបត្តិអូសបន្លាយ និងអាក្រក់បំផុត នៅក្នុងពិភពលោក នោះគឺវិបត្តិ ជុំវិញប៉ាឡេស្ទីន»។

លោករដ្ឋមន្ត្រីរូបនេះ បានរិះគន់សំណើរបស់អាមេរិក ទាក់ទងនឹងអនាគតនៃតំបន់ហ្កាហ្សា ដោយនិយាយថា ពួកគេមិនបានលើកឡើងពីការបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ។
លោក Lavrov បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនមានការសង្ស័យនោះទេថា នៅពេលដែលផែនការញុះញង់ឲ្យមានការឈ្លានពាន លើអ៊ីរ៉ង់ កំពុងត្រូវបានបង្កើតឡើង គោលដៅមួយ គឺដើម្បីរារាំងការធ្វើឲ្យមានប្រក្រតីភាពនៃទំនាក់ទំនង រវាងអ៊ីរ៉ង់ និងរដ្ឋអារ៉ាប់»។
លោកបានបន្ថែមថា៖ «ឥឡូវនេះ អ្វីៗគ្រប់យ៉ាងកំពុងត្រូវបានធ្វើ ដើម្បីធានាថា ការផ្សះផ្សាមិនមានថ្ងៃកើតឡើងឡើយ និងដើម្បីទាញប្រទេសជិតខាងឈូងសមុទ្រដទៃទៀតឲ្យចូលទៅក្នុងរចនាសម្ព័ន្ធ ដែលទី១ នឹងមិនផ្តោតលើការដោះស្រាយបញ្ហាប៉ាឡេស្ទីន និងទី២ នឹងបង្ខំឲ្យពួកគេក្បត់នឹងបុព្វហេតុប៉ាឡេស្ទីន ជាថ្នូរនឹងការធ្វើឲ្យមានប្រក្រតីភាពនៃទំនាក់ទំនងជាមួយអ៊ីស្រាអែល»៕


