ផ្សែងបានហុយលើអាកាសស្ថិតនៅតំបន់ភាគខាងត្បូងលីបង់ ហើយទាហានអ៊ីស្រាអែល ត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែន អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមហេសបូឡា ។
ក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ បានផុតរលត់ទៅវិញកាលពីថ្ងៃអង្គារ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា បទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់ ស្ថិតក្នុងការសង្រ្គោះបន្ទាន់ ស្របពេលដែលអ៊ីរ៉ង់ ច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះ ហើយនៅតែបន្តប្រកាន់ភ្ជាប់តារាងទាមទារដែលប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ចាត់ទុកថាជាសំរាម ។
អ៊ីរ៉ង់បានអំពាវនាវឲ្យបញ្ចប់សង្រ្គាមនៅគ្រប់ជួរមុខទាំងអស់ រួមទាំងនៅលីបង់ ជាទីដែលអ៊ីស្រាអែល គឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កំពុងប្រយុទ្ធគ្នាជាមួយក្រុមជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ។
ទីក្រុងតេអេរ៉ង់ដែលធ្វើការសង្កត់ធ្ងន់ផងដែរពីអធិបតេយ្យភាពរបស់ខ្លួននៅច្រកសមុទ្រ Hormuz ទាមទារឲ្យមានសំណងផងដែរ សម្រាប់ការខូចខាតដោយសារសង្រ្គាម ហើយនិងការបញ្ចប់ការបិទច្រករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត ។
លោក Trumpនិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ គំរាកំហែងដល់ស្ថានការបទឈប់បាញ់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែមេសា ។
ទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់ NNA រាយការណ៍ថា សមាជិកការពារជនស៊ីវិលលីបង់ ២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងភាគខាងត្បូង Nabatieh កាលពីថ្ងៃអង្គារ ស្របពេលដែលពួកគេចាប់ផ្តើមចុះបេសកកម្មជួយសង្រ្គោះឡើងវិញ ក្រោយការវាយប្រហារដំបូង ៕