វិមានក្រឹមឡាំងបានឲ្យដឹងនៅថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះថា រុស្ស៊ីចាប់អារម្មណ៍លើគម្រោងសេដ្ឋកិច្ចរួមគ្នាជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនឈប់ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ទៅនឹងកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន។
អំឡុងការជជែកតាមទូរស័ព្ទប្រចាំថ្ងៃជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានបញ្ជាក់ជាថ្មីផងដែរនូវលក្ខខណ្ឌដ៏តឹងរ៉ឹង សម្រាប់ការបញ្ចប់សង្គ្រាម ដែលប្រធានាធិបតី លោក Vladimir Putin បានកំណត់កាលពីជិត ២ឆ្នាំមុន និងដែលត្រូវបានអ៊ុយក្រែនបដិសេធយ៉ាងដាច់អហង្ការ។
លោក Peskov បាននិយាយថា ទាំងក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក អាចទទួលបានប្រាក់ចំណេញពីគម្រោងវិនិយោគ និងសេដ្ឋកិច្ចរួមគ្នាមួយចំនួន។ លោកបានបញ្ជាក់ថា៖ «ប្រសិនបើភាគីអាមេរិកមានឆន្ទៈ ក្នុងការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ចេញពីការដោះស្រាយបញ្ហាសង្គ្រាមអ៊ុយក្រែន ឬប្រសិនបើការដោះស្រាយបញ្ហាសង្គ្រាមអ៊ុយក្រែន កើតឡើង នោះយើងសង្ឃឹមថា ផ្លូវឆ្ពោះទៅរកការអនុវត្តគម្រោងសេដ្ឋកិច្ចជាច្រើនប្រភេទ នឹងបើកចំហ»។
លោក Putin បានលើកឡើងថា មានឱកាសដែលប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិករួមគ្នាទាញយកផលពីធនធនារ៉ែដ៏ធំ នៅក្នុងតំបន់អាកទិក ហើយក៏បានបង្ហាញផងដែរពីលទ្ធភាពនៃគម្រោងជាច្រើន នៅរដ្ឋ Alaska។ ហើយជាមួយគ្នានេះ បេសកជនវិនិយោគរបស់លោក គឺលោក Kirill Dmitriev ដែលជាឥស្សរជនសំខាន់ម្នាក់ ក្នុងដំណើរការចរចា រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ថែមទាំងបានស្នើឲ្យសាងសង់ផ្លូវដែកក្រោមដី «Putin-Trump» នៅក្រោមច្រកសមុទ្រ Bering ដើម្បីតភ្ជាប់ប្រទេសទាំង២ ទៀតផង៕