ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទកូវីសែល (Covishield) ចំនួន ១២៥,០០០ដូសបន្ថែមទៀតដែលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌាបានដឹកមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់ពី ២០ម៉ឺនដូសបានមកដល់កាលពីថ្ងៃទី១១ កន្លងទៅថ្មីៗនេះ។
វ៉ាក់សាំង ១២៥,០០០ដូសដែលដឹកមកដល់ព្រឹកថ្ងៃនេះគឺជាចំនួនបង្គ្រប់នៃជំនួយវ៉ាក់សាំងសរុប ៣២៥,០០០ដូសនៃជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌាសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខណៈវ៉ាក់សាំងចំនួន ២០ម៉ឺនដូសត្រូវបានដឹកមកដល់កាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ។ សូមបញ្ជាក់ថា វ៉ាក់សាំងជាជំនួយរបស់ប្រជាជន និងប្រទេសឥណ្ឌាដែលបានផ្តល់ជូនដល់កម្ពុជានេះ គឺដើម្បីរួមចំណែកក្នុងការជួយបង្ការទប់ស្កាត់នៃការរីករាលដាលនូវមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា បើទោះបីជានាពេលបច្ចុប្បន្ននេះកម្ពុជាមានលក្ខណៈធូរស្រាលយ៉ាងណាក៏ដោយនោះ។ ថ្លែងក្នុងឱកាសផ្តល់ និងទទួលនូវវ៉ាក់សាំងជាជំនួយរបស់ឥណ្ឌាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះលោកស្រីបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាបានលើកឡើងថា ការផ្តល់ជំនួយវ៉ាក់សាំងគឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយនោះ។
លោកស្រីបានបន្ថែមថា ឥណ្ឌានឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ។ មានប្រសាសន៍នៅក្នុងពិធីផ្តល់ និងទទួលនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌាសម្រាប់ការផ្តល់ជំនួយវ៉ាក់សាំងមកឲ្យប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជានេះ៕
អត្ថបទ៖ បាន ចក់