ក្រសួងការបរទេសអារ៉ាប់រួមបានបដិសេធកាលពីថ្ងៃពុធ ១៣ឧសភា សប្ដាហ៍នេះ នូវសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលថាលោកបានទៅទស្សនកិច្ចប្រទេសនេះ និងបានជួបជាមួយប្រធានាធិបតីរបស់ខ្លួន ខណៈអ៊ីរ៉ង់ព្រមានថាខ្លួននឹងមិនអត់ឱនឲ្យឡើយចំពោះការឃុបឃិតណាមួយ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា ថ្មីៗនេះ លោកបានធ្វើដំណើរទៅកាន់អេមីរ៉ាតអារ៉ាប់រួមក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ និងបានជួបជាមួយលោកប្រធានាធិបតី Sheikh Mohammed bin Zayed។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអារ៉ាប់រួមបាននិយាយថា ទំនាក់ទំនងអារ៉ាប់រួមជាមួយអ៊ីស្រាអែលគឺជាសាធារណៈនិងមិនផ្អែកលើការរៀបចំដែលមិនមានតម្លាភាព ឬក្រៅផ្លូវការនោះទេ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ការអះអាងណាមួយទាក់ទងនឹងដំណើរទស្សនកិច្ចដែលមិនបានប្រកាស ឬការរៀបចំដែលមិនបានបង្ហាញ គឺគ្មានមូលដ្ឋានទាំងស្រុងទេ លុះត្រាតែមានការប្រកាសជាផ្លូវការដោយអាជ្ញាធរពាក់ព័ន្ធនៅក្នុងប្រទេសអារ៉ាប់រួម។
ការិយាល័យរបស់លោក Netanyahu និយាយថា កិច្ចប្រជុំនេះបាននាំឱ្យមានការទម្លាយភាពទាល់ច្រកប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រភពមួយដែលបានដឹងអំពីកិច្ចប្រជុំនេះ និយាយថាលោក Netanyahu និងលោក Sheikh Mohammed បានជួបគ្នានៅទីក្រុង Al-Ain ដែលជាទីក្រុងធំបំផុតទី៣ ដ៏ស្រស់បំព្រងមួយនៅជាប់ព្រំដែន អូម៉ង់ នៅថ្ងៃទី២៦ ខែមីនា ហើយកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរមានរយៈពេលច្រើនម៉ោង។
ប្រភពព័ត៌មាននិយាយថា ប្រធានចារកម្ម Mossad លោក Dedi Barnea បានធ្វើដំណើរទៅអារ៉ាប់រួម យ៉ាងហោចណាស់ពីរដងក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ ដើម្បីសម្របសម្រួលសកម្មភាពយោធា។ដំណើរទស្សនកិច្ចរបស់ប្រធានចារកម្មរូបនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Wall Street Journal៕

