ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ ទី ១៣ ខែឧសភាថា ការបាញ់ស្រោចដោយយានដ្រូនរបស់រុស្ស៊ីនៅពេលថ្ងៃ ដែលភាគច្រើនដាក់គោលដៅទៅលើភាគខាងលិចប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់ និងរងរបួសជាង៨០នាក់ ជាអ្វីដែលទំនងងជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រទម្លាក់គ្រាប់បែកតាមអាកាសរបស់ទីក្រុងមូស្គូ។

រុស្ស៊ី បានបាញ់ផ្លោងទៅលើទីក្រុងនានារបស់អ៊ុយក្រែនរយៈពេលជាងបួនឆ្នាំមកនេះ ប៉ុន្តែជាធម្មតាបើកការវាយប្រហារដោយយានដ្រូននិងមីស៊ីលទ្រង់ទ្រាយធំតែនៅពេលយប់។
ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «ចាប់តាំងពីពាក់កណ្តាលអធ្រាត្រមក យានដ្រូនរបស់រុស្ស៊ីយ៉ាងហោចណាស់ ៨០០ គ្រឿងត្រូវបានបង្ហោះរួចហើយ» ហើយ «មនុស្ស១៤នាក់ត្រូវបានសម្លាប់» និងជាង៨០នាក់ផ្សេងទៀតបានរងរបួស រួមមានទាំងកុមារ។

សារព័ត៌មាននិយាយថា នៅទីក្រុងគីវ ប្រជាជនត្រូវបានគេមើលឃើញស្វែងរកទីជម្រកនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី និងបានឮសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស ខណៈអភិបាលក្រុងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានដំណើរការប្រឆាំងយានដ្រូន។ លោក Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូ ពីការវាយប្រហារដោយចេតនានៅពេលថ្ងៃ អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន។