
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងជូនពរដល់ជនរួមជាតិខ្មែរទាំងអស់ បានទទួលនូវភាពសប្បាយរីករាយក្នុងឱកាសពិធីថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ២០២២។
សម្ដេចតេជោ បានសរសេរដូច្នេះថា «ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃនេះ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរបានសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅគ្រប់ទីកន្លែង។»
ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការពារការចម្លងជំងឺកូវីដ១៩ ទាំងអស់គ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ ៣កុំ ៣ការពារ។
សម្ដេចតេជោបន្តទៀតថា ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗជាច្រើនផងដែរ។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ កុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំថ្មីទាំងអស់គ្នា។
សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យក្នុងជីវិត និងមានសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕ អរគុណ សន្តិភាព !