ប្រមុខយោធាអ៊ីស្រាអែល លោក Eyal Zamir បាននិយាយកាលពីថ្ងៃពុធថា យុទ្ធនាការយោធាពហុគោលដៅរបស់ប្រទេសនេះ នៅទូទាំងមជ្ឈិមបូព៌ា ក្នុងនោះមានអ៊ីរ៉ង់ លីបង់ ហ្កាហ្សា និងតំបន់វេសបែង «មិនទាន់ចប់ទេ»។

លោក Zamir បាននិយាយអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់វេសបែងថា យោធា «ត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការប្រយុទ្ធឡើងវិញ ប្រសិនបើចាំបាច់» ហើយនៅតែប្រុងប្រយ័ត្នយ៉ាងជាប់លាប់ «ក្នុងការការពារ និងវាយប្រហារ ពីតំបន់ Judea និង Samaria រហូតដល់ទីក្រុងតេអេរ៉ង់»។

ដោយលើកឡើងអំពីប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីយោធាបាននិយាយថា កងទ័ពអ៊ីស្រាអែល បានឆ្លងកាត់ទន្លេ Litani និងបានបង្កើតការគ្រប់គ្រងប្រតិបត្តិការនៅក្នុងតំបន់នោះ លោក Zamir បានបញ្ជាក់ថា កងទ័ពកំពុងបន្តប្រតិបត្តិការ នៅក្នុងប្រទេសលីបង់ រួមទាំងនៅក្នុងតំបន់ទន្លេ Litani ផងដែរ។
លោកបានបន្ថែមថា កងកម្លាំងអ៊ីស្រាអែលក៏កំពុងប្រតិបត្តិការ ដោយមាន«គំនិតផ្តួចផ្តើម និងការវាយលុក» នៅក្នុងតំបន់វេសបែង និងហ្កាហ្សា ជាកន្លែងដែលកងទ័ពធ្វើការវាយប្រហារជារៀងរាល់ថ្ងៃ ទោះបីជាមានបទឈប់បាញ់ ដែលចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០២៥ ក៏ដោយ។
ចំណែកក្រសួងសុខាភិបាលលីបង់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់ ក្នុងនោះមានកុមារពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសចំនួនបីលើករបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើរថយន្តនៅតាមបណ្តោយផ្លូវហាយវេ Jiyeh-Saadiyat នៅភាគខាងត្បូងប្រទេសលីបង់៕