ផ្ទះជាង ១០.០០០ខ្នង ត្រូវបានខូចខាត ឬបំផ្លាញ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីមានបទឈប់បាញ់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ នេះបើយោងតាមប្រធានក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ(CRNS)របស់ប្រទេសនេះ។

ប្រធានក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ(CRNS) លោក Chadi Abdallah បានប្រាប់សន្និសីទសារព័ត៌មានដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖«ចាប់តាំងពីមានបទឈប់បាញ់បច្ចុប្បន្ន...យើងបានឃើញលំនៅឋានចំនួន ៥.៣៨៦ខ្នង ដែលត្រូវបានបំផ្លាញទាំងស្រុង និងលំនៅឋានចំនួន ៥.២៤៦ បានរងការខូចខាត»។

អ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមអាកាសយ៉ាងខ្លាំង ទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី ១៧ ខែមេសាក៏ដោយ ហើយទាហានអ៊ីស្រាអែល កំពុងប្រតិបត្តិការនៅខាងក្នុង «ខ្សែបន្ទាត់ពណ៌លឿង» ដែលប្រកាសដោយអ៊ីស្រាអែល ដែលមានប្រវែងប្រហែល ១០ គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនអ៊ីស្រាអែល-លីបង់ ជាកន្លែងដែលកងទ័ពបានធ្វើប្រតិបត្តិការវាយកម្ទេចទ្រង់ទ្រាយធំ៕