គ្រូពេទ្យក្នុងស្រុកមួយក្រុម បាននិយាយកាលពីថ្ងៃពុធថា ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារយៈពេលពីរសប្តាហ៍នៅភាគខាងត្បូងប្រទេសស៊ូដង់ បានសម្លាប់មនុស្ស ៦១នាក់ ក្នុងនោះមានកុមារចំនួន ៩នាក់ ជាការប្រយុទ្ធគ្នាដែលជាផ្នែកមួយនៃសង្គ្រាមទ្រង់ទ្រាយធំដែលបានបំផ្លិចបំផ្លាញប្រទេសអាហ្វ្រិកនេះ ចាប់តាំងពីឆ្នាំ ២០២៣។

យោងតាមបណ្តាញគ្រូពេទ្យស៊ូដង់ ដែលតាមដានចំនួនអ្នកស្លាប់និងរបួសនៅក្នុងជម្លោះនេះ ការប្រយុទ្ធគ្នា បានផ្ទុះឡើង នៅដើមខែនេះរវាងកងកម្លាំងដែលមានទំនាក់ទំនងជាមួយចលនារំដោះប្រជាជនស៊ូដង់ភាគខាងជើង (SPLM-N)របស់ក្រុមឧទ្ទាម និងកុលសម្ព័ន្ធអូតូរ៉ូ (Otoro) នៅក្នុងទីក្រុង Kauda របស់រដ្ឋ Kordofan ខាងត្បូង។

មេដឹកនាំឧទ្ទាម លោក Abdel Aziz Al-Hilu ដែលគ្រប់គ្រងចលនារំដោះប្រជាជនស៊ូដង់ភាគខាងជើង (SPLM-N)បានចងសម្ព័ន្ធភាពជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ជាក្រុមមួយដែលកំពុងប្រយុទ្ធប្រឆាំងនឹងយោធាស៊ូដង់។
សង្គ្រាមនៅស៊ូដង់ ដែលឥឡូវនេះចូលដល់ឆ្នាំទី៤ហើយនោះ បានធ្វើឲ្យយោធាគ្រប់គ្រងតំបន់ខាងជើង ខាងកើត និងកណ្តាល រួមទាំងកំពង់ផែសមុទ្រក្រហមរបស់ស៊ូដង់ និងរោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងរបស់ខ្លួន។ កងកម្លាំងគាំទ្រ (RSF) និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រប់គ្រងតំបន់ Darfur ខាងលិច និងតំបន់នានា ក្នុងតំបន់ Kordofan តាមបណ្តោយព្រំដែនជាមួយស៊ូដង់ខាងត្បូង តំបន់ទាំងពីរនេះសម្បូរទៅដោយវាលប្រេង និងអណ្តូងរ៉ែមាស៕