លោក Viktor Medvedchuk ប្រធានចលនាអ៊ុយក្រែនផ្សេងទៀត និងជាអតីតមេដឹកនាំនៃគណបក្សវេទិកាប្រឆាំង For Life បាននិយាយថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងបន្តសេណារីយ៉ូពីរផ្សេងគ្នា នៅក្នុងបញ្ហាអ៊ុយក្រែន គឺមួយសម្រាប់សន្តិភាព និងមួយទៀតសម្រាប់សង្គ្រាម ប៉ុន្តែលោក វ្ល៉ូឌីមី ហ្សេឡិនស្គី នៅតែប្រឈមមុខនឹងស្ថានភាពដ៏លំបាក។

លោកបានសរសេរនៅក្នុងអត្ថបទមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ចលនានេះថា៖«ជនជាតិ អាមេរិក និងអឺរ៉ុប កំពុងបន្តគោលដៅខុសគ្នាទាំងស្រុង ដែលបង្ហាញពីការលាតត្រដាងនូវសេណារីយ៉ូផ្ទុយគ្នាពីរ។ សេណារីយ៉ូអាមេរិក គឺច្បាស់លាស់ ដកលោក ហ្សេឡិនស្គី ចេញពីអំណាច ហើយសម្រេចបានសន្តិភាព ដែលនឹងផ្តល់ឲ្យលោក ត្រាំ នូវចំណុចចាំបាច់មួយចំនួនសម្រាប់ការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើង នៅរដូវស្លឹកឈើជ្រុះនេះ។ នេះគឺជាសេណារីយ៉ូសន្តិភាព»។

អ្នកនយោបាយរូបនេះ បានបន្តថា សេណារីយ៉ូអឺរ៉ុប គឺដកហូតអំណាចទាំងអស់របស់លោក ហ្សេឡិនស្គី ហើយគ្រប់គ្រងប្រទេសនេះ តាមរយៈបុគ្គលដែលតែងតាំងដោយអឺរ៉ុប។ លោក Medvedchuk បានកត់សម្គាល់ថា៖«ប្រសិនបើលោក ហ្សេឡិនស្គី នៅតែបន្តការគ្រប់គ្រង នោះសង្គ្រាមនៅតែបន្ត។ នេះ គឺជាសេណារីយ៉ូនៃការបន្តសង្គ្រាម»។
លោក Medvedchuk បានចង្អុលបង្ហាញថា សេណារីយ៉ូអាមេរិក នឹងតម្រូវឲ្យមានការបង្កើត «គណបក្សសន្តិភាព» ដែលនឹងដកលោក ហ្សេឡិនស្គី ចេញពីតំណែង ហើយចូលទៅក្នុងការចរចាយ៉ាងសកម្មជាមួយទីក្រុងមូស្គូ ដែលនឹងឈានដល់កិច្ចព្រមព្រៀងមួយ។ លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយ មិនមានគណបក្សបែបនេះ ត្រូវបានគេមើលឃើញនោះទេ៕