ប្រជាជនកោះតៃវ៉ាន់ បានបង្ហាញប្រតិកម្មដ៏ច្របូកច្របល់នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភានេះ ខណៈមានជំនួបទ្វេភាគីនៅទីក្រុងប៉េកាំងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping។ បញ្ហាកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនចាត់ទុកថាជាដែនដីរបស់ខ្លួន និងការលក់អាវុធទៅឱ្យទីក្រុងតៃប៉ិ គឺប្រាកដជាត្រូវបានពិភាក្សាក្នុងអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅសប្តាហ៍នេះ រវាងលោក Trump និងលោក Xi។

នៅទីក្រុងតៃប៉ិ អតីតយុទ្ធជនចូលនិវត្តន៍អាយុ៦២ឆ្នាំម្នាក់ បាននិយាយថា លោកជឿថា កិច្ចប្រជុំនេះអាចមាន «ផលប៉ះពាល់ខ្លាំងទៅលើកោះតៃវ៉ាន់»។ លោក និយាយថា លោកមិនទុកចិត្តលោក Trump ទេ ហើយបានសួរថាតើលោកTrump អាច «ក្បត់កោះតៃវ៉ាន់» និងប្រើប្រាស់កោះតៃវ៉ាន់ជាទម្ងន់នៃការចរចាក្នុងកិច្ចពិភាក្សាជាមួយប្រទេសចិន ឬយ៉ាងណា។
ទន្ទឹមនឹងនេះ អ្នកចូលនិវត្តន៍ម្នាក់ទៀតមកពីទីក្រុង Tainan មិនមានការព្រួយបារម្ភខ្លាំងទេអំពីជំនួបរវាងលោក Trump និង លោកXi ដោយនិយាយថា ការពិភាក្សាទល់មុខគ្នារវាងមេដឹកនាំទាំងពីរ អាចជំរុញសុច្ឆន្ទៈ ប៉ុន្តែនឹងមិនចាំបាច់ផ្លាស់ប្តូរអ្វីទាំងអស់។
កោះតៃវ៉ាន់ បានច្រានចោលការអះអាងសិទ្ធអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ខណៈប្រទេសចិន ពុំដែលបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះតៃវ៉ាន់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ ប៉ុន្តែនិយាយថាជម្រើសដែលខ្លួនពេញចិត្តគឺ «ការបង្រួបបង្រួមដោយសន្តិវិធី»។
