សមាជិកព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) បានបដិសេធក្នុងសំឡេងស្ដួចស្ដើង ចំពោះសំណើផ្លូវការ ដែលមានបំណងរារាំងសិទ្ធិអំណាចរបស់លោកប្រធានាធិបតី Donald Trump ក្នុងការធ្វើសង្គ្រាម លើអ៊ីរ៉ង់ ដោយនេះគឺជាការបោះឆ្នោតលើកដំបូងរបស់ពួកគេ ជុំវិញជម្លោះនេះ ចាប់តាំងពីកាលកំណត់ ៦០ថ្ងៃបានកន្លងផុតទៅ ជាពេលវេលាដែលសេតវិមានត្រូវស្វែងរកការអនុញ្ញាតជាផ្លូវការ។

ការស្នើនេះ ដែលលើកឡើងដោយសមាជិកព្រឹទ្ធសភារដ្ឋ Oregon លោក Jeff Merkley គឺជាការប៉ុនប៉ងមិនជោគជ័យលើកទី៧ របស់ក្រុមប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់សិទ្ធិអំណាចធ្វើសង្គ្រាមរបស់លោក Trump ចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីជាង ១០សប្តាហ៍មុន។ ចំនួនសំឡេងឆ្នោត គឺ ៥០ ទល់នឹង ៤៩សំឡេង។
សមាជិករបស់គណបក្សប្រជាធិបតេយ្យ លើកឡើងថា ក្រោមច្បាប់អំណាចសង្គ្រាម (War Powers Act) រដ្ឋបាលមានពេលរហូតដល់ថ្ងៃទី១ ខែឧសភា ដើម្បីទទួលបានការយល់ព្រមពីសភា សម្រាប់ការមានវិធានការយោធា បន្ទាប់ពីលោក Trump បានជូនដំណឹងដល់សមាជិកសភានៅដើមខែមីនា អំពីការវាយប្រហារលើអ៊ីរ៉ង់។
ពួកគេបញ្ជាក់ថា លោក Trump ឥឡូវនេះ កំពុងប្រតិបត្តិការដោយរំលោភច្បាប់យ៉ាងជាក់ស្ដែង។ តែរដ្ឋបាលជំទាស់នឹងការបកស្រាយនោះ ដោយផ្ដល់ហេតុផលថា ពេលវេលាកំណត់ផ្នែកច្បាប់ ត្រូវបានផ្អាកដោយបទឈប់បាញ់ដែលត្រូវបានប្រកាសកាលពីជាង ១ខែមុន។
ការប្រឈមមុខដាក់គ្នាផ្នែកច្បាប់ និងនយោបាយនេះ បានក្លាយជាការសាកល្បងដ៏ធំមួយ ចំពោះអំណាចរបស់សភា ស្ដីពីអំណាចសង្គ្រាម ពោលគឺមានរយៈពេលជាង ៥០ឆ្នាំបន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត ក្រោយសង្គ្រាមវៀតណាម។ ច្បាប់អំណាចសង្គ្រាម បានបង្ហាញជាប្រវត្តិសាស្ត្រថា ពិបាកក្នុងការអនុវត្ត ដោយតុលាការជាទូទៅស្ទាក់ស្ទើរ ក្នុងការជ្រៀតជ្រែកក្នុងជម្លោះ រវាងសភា និងសេតវិមាន ជុំវិញវិធានការយោធា។
តែយ៉ាងណាក្ដី ទោះបីជាមិនទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ក៏ដោយ ក៏សមាជិកសភាបក្សប្រជាធិបតេយ្យ បានសម្ដែងនូវការអបអរដែរ ដ្បិតសមាជិកគណបក្សសាធារណរដ្ឋ កំពុងបង្ហាញពីភាពមិនចុះសម្រុងគ្នាច្រើនឡើងបន្ដិចម្ដងៗ៕

