អ៊ុយក្រែន៖ ប្រធានាធិបតីប្រទេសចំនួន ៤ នៅជាប់ប្រទេសរុស្ស៊ីបានធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ដោយបានបង្ហាញពីការគាំទ្ររបស់ពួកគេសម្រាប់ប្រទេសដែលកំពុងមានសង្គ្រាម ជាកន្លែងដែលពួកគេបានឃើញអគាររងការបំផ្លាញធ្ងន់ធ្ងរ និងទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្វីដែលបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាមធ្វើឡើងដោយកងកម្លាំងរុស្ស៊ី។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប្រទេសប៉ូឡូញ លីទុយអានី ឡាតវី និងអេស្តូនី ជាការបង្ហាញពីសាមគ្គីភាពរឹងមាំរបស់មេដឹកនាំប្រទេសនៅតំបន់ភាគខាងកើតរបស់អង្គការណាតូ ដែលប្រទេសចំនួន ៣ ក្នុងចំណោមនេះដូចជាអ៊ុយក្រែនដែរធ្លាប់ជាផ្នែករបស់សហភាពសូវៀត។ រួមគ្នាជាមួយប្រធានាធិបតីអេស្តូនីលោក Alar Karis ក្រុមមេដឹកនាំបានទៅពិនិត្យមើលទីក្រុង Borodyanka ជាទីប្រជុំជនមួយនៅជិតទីក្រុងគីវ ជាកន្លែងដែលភស្តុតាងនៃអំពើឃោរឃៅត្រូវបានរកឃើញ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញ ដើម្បីផ្តោតលើសកម្មភាពនៅភាគខាងកើតរបស់ប្រទេស។

ប្រធានាធិបតីឡាតវីលោក Egils Levits និយាយថា អ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីអឺរ៉ុប ខណៈអ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យ និងកំពុងប្រយុទ្ធដើម្បីយើង។ មេដឹកនាំអឺរ៉ុបបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការគាំទ្រអ៊ុយក្រែនខាងនយោបាយ និងដោយជំនួយយោធា៕
អត្ថបទ៖ ប៊ុនថន